Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប​មិន​ប្តឹង តែ​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ចាត់វិធានការ​បុគ្គល​ដែល​ញុះញង់ មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​

​​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បើក​កិច្ចប្រជុំ​ភាគី​ពាក់ព័ន្ធ ស្តី​ពី​បច្ចុប្បន្នភាព នៃ​ការចុះបញ្ជី​គណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ និង​បច្ចុប្បន្នភាព ចំនួន​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ក្រោម​អធិបតីភាព​លោក​មាន សទិ សមាជិក គ​.​ជ​.​ប និង​ជា​ប្រធាន​ដឹកនាំ​អង្គប្រជុំ វេលា​ម៉ោង ១០​ព្រឹក នា​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​សាលសន្និសីទ គ​.​ជ​.​ប ។​

​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បានឲ្យដឹងថា គ​.​ជ​.​ប បានសម្រេច​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ឲ្យ​ចាត់វិធានការ​ចំពោះបុ​គ្គល​ណា ដែល​បាន​ធ្វើការ​ញុះញង់​ប្រជាពលរដ្ឋ​ខ្មែរ មិន​ឲ្យទៅ​ចូលរួម​បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​ចំណែក​លោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ​គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨ បានបញ្ជាក់​ម្តងទៀត​ថា គ​.​ជ​.​ប ពុំ​បាន​ប្តឹង​ទៅ​ក្រសួង​មហាផ្ទៃ​ទេ ប៉ុន្តែ​គ​.​ជ​.​ប បាន​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ ឱ្យ​ចាត់វិធានការ​តាមច្បាប់ ចំពោះ​អ្នក​ដែល​បាន​ញុះញង់​មិនឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​។ “​គ​.​ជ​.​ប មិន​បាន​ប្តឹង​ទេ ប៉ុន្តែ​ស្នើសុំ​ឲ​ក្រសួង​មហាផ្ទៃ​ចាត់វិធានការ ស្របតាម​មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ ចំពោះ​ការអំពាវនាវ​ឲ​ប្រជា​ពល​ល​រដ្ឋ​ធ្វើពហិកា ក្នុង​ការបោះឆ្នោត តាមរយៈ​ចេតនា​ជំរុញ​ឱ្យ​មាន​ការចែក​ខិត្តប័ណ្ណ ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ និង​ដល់​សន្តិសុខ​ជាតិ​” លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​បញ្ជាក់បន្ថែម​។​

​ការប្រកាស​របស់​គ​.​ជ​.​ប នាពេលនេះ បាន​ធ្វើឡើង​បន្ទាប់​ពី លោក សម រង្ស៊ី មេ​ចលនា​សង្គ្រោះ​ជាតិ ដែល​កំពុង​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស បាន​បំផុសបំផុល​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ កុំ​ឱ្យ​ទៅ​បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ ខាងមុខនេះ ដរាបណា​មិន​មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​នេះ​ទេនោះ​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត សូម​កុំ​ជឿ​តាម​ការឃោសនា​របស់​ក្រុម​អគតិ​មួយចំនួន ដែល​ញុះញង់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត នាពេលខាងមុខ​។​

​លោក​អ្នកនាំពាក្យ បាន​ដាស់តឿន​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ជា​ម្ចាស់​ប្រទេស​មិន​ទៅ​បោះឆ្នោត ដល់​ពេល​ប្រទេស​ជាតិ ឬ​ពលរដ្ឋ​ខ្លួនឯង​មាន​បញ្ហា​ណាមួយ ក្រុម​ជន​អគតិ​ទាំង​នោះ មិន​បាន​មក​ជួយ​ដោះស្រាយ​បញ្ហា ជាមួយ​ប្រជាពលរដ្ឋ​ឡើយ ដូច្នេះ​សូម​កុំ​ទោរទន់​ទៅនឹង ការឃោសនា​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ខ្លាំងពេក​។​

​លោក ហង្ស ពុទ្ធា បាន​ប្រាប់​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ​ថា ក្នុងនាម គ​.​ជ​.​ប យើង​សូម​លើកឡើង​នូវ​សេចក្ដីអំពាវនាវ សូម​កុំឲ្យ​យកសម្ដី​ខាងក្រៅ​ជា​គោល បានន័យថា យើង​កំពុងតែ​រស់នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា យើង​គួរ​គោរព​ឲ្យបាន​ល្អ​នូវ​ច្បាប់​របស់​ប្រទេស​កម្ពុជា ហើយ​បើ​ជា​យើង​ប្រាសចាក​គន្លង​ច្បាប់ បញ្ហា​អាច​នឹង​កើតមាន​ឡើង​សម្រាប់​ផ្ទាល់ខ្លួន ហើយ​ផលវិបាក​មិនមែន​អ្នក​ស្រែក​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​មិន​ទៅ​បោះឆ្នោត​ទេ ច្បាស់​ណាស់​ថា ផលវិបាក​នឹង​ធ្លាក់​មក​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ខ្លួនឯង​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបង្ហាញ​ថា​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ មាន​ការិយាល័យ​បោះឆ្នោត​សរុប​២២.៩៦៧ នៅ​២៥​មណ្ឌល​រាជធានី​-​ខេត្ត នៅ​ទូទាំង​ប្រទេស ។​

យោង​តាម​លទ្ធផល​ផ្លូវការ​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ សម្រាប់​ការបោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​មាន​ចំនួន ៨.៣៨០.២១៧​នាក់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×