នៅក្នុងផ្នូរបុរាណមួយនាប្រទេសអេហ្ស៊ីប គេបានរកឃើញឱសថមួយធ្វើអំពីខ្ទឹមស ។ ចំណែកនៅប្រទេសចិនវិញ តាំងពីឆ្នាំ ២៦០០ មុនគ្រិស្គសរាជ មានឱសថជាច្រើនត្រូវបានកែច្នៃចេញពីខ្ទឹមស ក្នុងពេលដែលនៅរុស្ស៊ីតាំងពីសតវត្សរ៍ទី១៩ គេចាត់ទុកខ្ទឹមសជាឱសថពិសេស ។ល។
ស្រាខ្ទឹមស អាចជួយព្យាបាលជំងឺជាច្រើន ។
រហូតទល់ទសវត្សរ៍ទី ៧០ នៃសតវត្សរ៍ទី ២០ អង្គការសុខភាពពិភពលោក (WHO) បានសង្កេតឃើញថា អេហ្ស៊ីប ជាប្រទេសមួយក្រ អាកាសធាតុក្តៅហែង ព្រោះជាវាលខ្សាច់ ប៉ុន្តែសុខភាពជារួមរបស់ពលរដ្ឋនៅទីនេះ ស្ថិតក្នុងលំដាប់ល្អបំផុត មិនសូវមានជំងឺដង្កាត់ អាយុរបស់មនុស្សស្ថិតក្នុងកម្រិតមធ្យមលំដាប់ខ្ពស់ ។ ដោយឃើញបាតុភូតចម្លែកបែបនេះអង្គការ WHO បានចាត់តាំងអ្នកជំនាញការសុខាភិបាលទៅកាន់អេហ្ស៊ីប ដើម្បីស្រាវជ្រាវ ។
ក្រុមអ្នកស្រាវជ្រាវបានចែកជាក្រុម ចុះទៅកាន់ជនបទដល់តំបន់ដែលមានអាកាសធាតុអាក្រក់ដើម្បីស្រាវជ្រាវទិន្នន័យសុខភាព និងជំងឺ ។
ពួកគេមានការសន្និដ្ឋានរួមថា កត្តាខាងលើផ្តើមចេញពីខ្ទឹមស ត្រាំស្រា ដែលផ្ទះណាក៏មាន ហើយមានប្រវត្តិច្រើនសតវត្សរ៍មកហើយ ។ ពិនិត្យឃើញបែបនេះ គេក៏យកបញ្ហានេះមកវិភាគ ហើយពិនិត្យឃើញថា ស្រាខ្ទឹមសអាចព្យាបាល ៤ ក្រុមជំងឺ ៖
-បណ្តាជំងឺទាក់ទងដល់សន្លាក់ (រលាកសន្លាក់ ឆ្អឹងពុក ។ល។)
-ជំងឺទាក់ទងដល់ផ្លូវដង្ហើម (រលាកបំពង់ ទងសួត ហឺត ។ល។)
-ជំងឺទាក់ទងដល់សរសៃឈាម និងបេះដូង (សម្ពាធឈាមកើន សម្ពាធឈាមទាប សរសៃឈាមរឹង)
-ជំងឺទាក់ទងដល់ប្រព័ន្ធរំលាយអាហារ (ពិបាករំលាយអាហារ ដំបៅក្រពះ ឬពោះវៀន)
ដល់ឆ្នាំ ១៩៨៣ អ្នកវេជ្ជសាស្ត្រជប៉ុន ប្រកាសបំពេញបន្ថែមដល់ជំងឺ ២ ទៀត គឺជំងឺ ឫសដូងបាត និងជំងឺទឹកនោមផ្អែម ថែមទាំងសន្និដ្ឋានថា នេះជាប្រភេទឱសថដ៏មានប្រសិទ្ធភាពព្យាបាលខ្ពស់ និងពុំបង្កឲ្យមានប្រតិកម្មបន្ទាប់បន្សំ ។
តាមរូបមន្តរបស់ជនជាតិអេហ្ស៊ីបសម័យបុរាណ ស្រាខ្ទឹមស និងរបៀបផឹកព្យាបាលជំងឺ មានដូចខាងក្រោម ៖
យកខ្ទឹមស ៤០ក្រាម បកសម្បកចេញ រួចហាន់ជាចំណិតតូចៗ ដាក់ចូលក្នុងកែវត្រាំជាមួយស្រាស ធ្វើពីអង្ករសុទ្ធ ដែលមានកម្រិតអាកុលពី ៤០-៤៥ដឺក្រេ ចំនួន ១០០មីលីលីត្រ ។ ក្រោយពេលត្រាំ ឧស្សាហ៍ក្រឡុកវា រួចពិនិត្យឃើញស្រា នឹងចាប់ផ្តើមប្តូរពីពណ៌សមកពណ៌លឿង ហើយនៅថ្ងៃទី ១០នោះ វាមានពណ៌រមៀត គឺអាចផឹកបានហើយ ។
របៀបផឹកព្យាបាលវិញគឺ ក្នុង១ថ្ងៃ ផឹក ២លើក នៅពេលព្រឹក មុនពិសារអាហារ និងពេលយប់ មុនពេលចូលដំណេក ។ បរិមាណផឹកម្តងៗ គឺ ៤០ដំណក់ (ប្រហែល ១ស្លាបព្រាកាហ្វេ) ។ ស្រាត្រាំមួយដបនេះ គឺផឹកបាន ២០ថ្ងៃស្រានេះនឹងអស់ ។ ហេតុនេះរាល់ថ្ងៃ ១០ថ្ងៃម្តង គេបន្តធ្វើ ដើម្បីថ្ងៃណាក៏មានស្រានេះបរិភោគ ហើយគេផឹកបែបនេះពេញមួយជីវិត ។
ដោយសារបរិមាណស្រាឱសថ តម្រូវឲ្យផឹកមានចំនួនតិចតួចដូច្នេះ នោះអ្នកដែលតម្រូវឲ្យតមស្រាក៏អាចផឹកបាន ។
អាចនិយាយថា ស្រាខ្ទឹមស គឺជាឱសថដ៏អស្ចារ្យដែលទេវតាប្រទានដល់អ្នកពិសេសគឺអ្នកក្រីក្រ ។
ទោះយ៉ាងណាត្រូវចងចាំថា ជាឱសថ ចាំបាច់ត្រូវផឹកត្រឹមត្រូវតាមការកំណត់ ហើយព្យាយាមអនុវត្តឲ្យបានទៀងទាត់ វានឹងមានប្រសិទ្ធភាពជួយដល់អ្នកដូចដែល សុខភាពរបស់ជនជាតិបុរាណបានគូសបញ្ជាក់ប្រាប់ដូចពោលខាងលើ ៕ លីសា