រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៧នេះ មានដំណើររលូន និងមានមនុស្សចូលរួមទស្សនាការប្រណាំងទូក និងទស្សនាការបណ្តែតប្រទីប មានចំនួនច្រើននៅពេលរាត្រី នាទន្លេចតុមុខ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
ពិធីបុណ្យអុំទូកនេះ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងនោះ ការប្រណាំងទូក នៅតាមថ្ងៃនីមួយៗ បានចាប់ផ្តើមនៅម៉ោង ១១ព្រឹក រហូតដល់ម៉ោង ៥ និង៣០នាទី នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង។
ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទត ការប្រណាំងទូក នៅមុខព្រះបរមរាជវាំង និងព្រះរាជប្រទានភ្លើងទៀនជ័យ លើប្រទីបព្រះបរមរាជវាំង ដោយមានវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតជាភរិយា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូបទៀតអញ្ជើញចូលរួម។
បុណ្យអុំទូកឆ្នាំនេះ មានប្រទីបចំនួន ១៣ រួមមាន៖ ប្រទីបព្រះបរមរាជវាំង ប្រទីបព្រឹទ្ធសភា ប្រទីបរដ្ឋសភា ប្រទីបរាជរដ្ឋាភិបាល ប្រទីបក្រសួងយុត្តិធ៌ម ប្រទីបក្រសួងការពារជាតិ ប្រទីបក្រសួងមហាផ្ទៃ ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទីបក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប្រទីបក្រសួងពាណិជ្ជកម្ម ប្រទីបក្រសួងទេសចរណ៍ ប្រទីបក្រសួងរ៉ែ និងឋាមពល និងប្រទីបសាលារាជធានីភ្នំពេញ៕ ដោយ៖ សត្យា
ខាងក្រោមនេះ ជារូបថត នៃទិដ្ឋភាពផ្សេងៗ នាឱកាសព្រះរាជព្រះធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងប្រទីបទាំង ១៣ ដែលបានបណ្តែត នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ៖