ភ្នំពេញ ៖នៅល្ងាចថ្ងៃទី ១៧ឧសភា ឆ្នាំ២០១៨នេះ អតីតប្រធានក្រុមហ៊ុនទីផ្សារភាគហ៊ុននៅកម្ពុជា ត្រូវបាននាំខ្លួនមកកាន់ សាលា ដំបូងរាជធានីភ្នំពេញដើម្បីកាត់ទោសពាក់ព័ន្ធអំពើល្មើសមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ចេញសែកអត់លុយ មានទំហំទឹកប្រាក់ជិត២លានដុល្លារ ។
ជនជាប់ចោទឈ្មោះយ៉ុន សុភា ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី ១២ មិថុនា ឆ្នាំ២០១៧ ក្រោយទីផ្សារភាគហ៊ុនដួលរលំដោយនាំទៅនូវទឹកប្រាក់ដ៏សន្ធឹកសន្ធាប់របស់អតិថិជន ។
នៅក្នុងសវនាការដែលដឹកនាំដោយលោកចៅក្រម លី សុខឡេង និងតំណាងអយ្យការលោក សេង ហៀង ជនជាប់ចោទឈ្មោះ យ៉ុន សុភា បានសារភាពថា នៅអំឡុងឆ្នាំ២០១៥ខ្លួនបានបង្កើតក្រុមហ៊ុនទីផ្សារលក់ភាគហ៊ុនដោយមានអតិថិជនជាច្រើនបានចូលមកបណ្ដាក់ទុនតាមរយៈកិច្ចព្រមព្រៀងនិងកិច្ចសន្យាធ្វើជាផ្លូវច្បាប់ ។ ក្នុងនោះក្រុមហ៊ុនបានព្រមព្រៀងផ្ដល់អោយអតិថិជននូវប្រាក់ចំណេញចំនួន៣,៤ភាគរយនៃប្រាក់ដើមទុន ។ លុះមកដល់ដើមឆ្នាំ២០១៦ទីផ្សារភាគហ៊ុនធ្លាក់ចុះធ្វើអោយក្រុមហ៊ុនត្រូវខាតបង់ប្រាក់អស់រលីង ហើយក្រុមហ៊ុនក៏បានចេញសែកជាច្រើនទុកតម្កល់អោយបណ្ដាភាគីភាគហ៊ុន រួមមានឈ្មោះ គៀ ម៉ារ៉ាវី បានទទួលសែក៣សន្លឹក សរុបជាប្រាក់ចំនួន៣៤ម៉ឺនដុល្លារ និងមាសសុទ្ធ១គីឡូក្រាម ។
ឈ្មោះ ញ៉ែរ ថាវី សែក២សន្លឹក មានទឹប្រាក់៤២២០០ដុល្លារ ។
ឈ្មោះ លឹម សុខងីម សែក២សន្លឹក មានទឹកប្រាក់ចំនួន១០៧០០០ដុល្លារ ។
ឈ្មោះ ឡោ ស៊ុនហួរ សែក១សន្លឹក មានទឹកប្រាក់៥មកឺនដុល្លារ ។
ឈ្មោះ សួន សារិន សែក៤សន្លឹក មានទឹកប្រាក់ចំនួន៦៨ម៉ឺនដុល្លារ ។
ឈ្មោះ រុន ណេតណារិន សែក២សន្លឹក មានទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ ។
ក្នុងរឿងក្ដីនេះ ដោយសារជនជាប់ចោទបានសារភាពពីការចេញសែកអត់លុយគ្រប់ករណីដូច្នេះ លោកសេង ហៀង ជាតំណាងអយ្យការបានស្នើអោយចៅក្រមសម្រេចផ្ដន្ទាទោសជនជាប់ចោទតាមមាត្រា២៣១នៃក្រមព្រហ្មទណ្ឌ ។
លោកចៅក្រម លី សុខឡេង បានកំណត់ប្រកាសសាលក្រមរឿងក្ដីនេះនៅថ្ងៃទី ២៥ឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៤រសៀល ៕ ដោយ៖បញ្ញាស័ក្តិ