ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនិងស្រ្តីម្នាក់ទៀតជាប្រពន្ធ បានបើករថយន្តស៊េរីទំនើបមាកFord Rangerមួយគ្រឿង ចូលទៅចាក់ប្រេងរួចបើករថយន្តចេញមកវិញ ស្មានតែមានផ្លូវឆ្លង ក៏ជ្រុលចង្កូតក្បាលដាំទីង ធ្លា.ក់ចូលក្នុងប្រឡាយ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមលារបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងគាត់បានឃើញបុរសម្នាក់ រួមដំណើរជាមួយស្រ្តីម្នាក់ទៀត ជាប្រពន្ធ បានបើករថយន្តម៉ាកFord Ranger ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BL-9282 បើកមកចូលការ៉ាស់សាំង ដើម្បីចាក់ប្រេង បន្ទាប់ពីចាក់ប្រេងរួចក៏បានបើករថយន្តត្រឡប់ទៅផ្ទះវិញ ទំនងជាតៃកុងមើលច្រឡំផ្លូវ ក៏បើកជ្រុលក្បាលរថយន្តដាំទីងធ្លា.ក់ចូលទៅក្នុងប្រឡាយ ហើយភ្លាមនោះដែរ តៃកុងរថយន្តក៏បានបើកទ្វារចេញ មិនបង្កឲ្យមានគ្រោះថ្នាក់នោះទេ រងការខូចខាតតែរថយន្ត។
បន្ទាប់ពីកើតហេតុដោយមិនមានប៉ះពាល់ ទៅលើភាគីដ៏ទៃ និងទ្រព្យសម្បត្តិរដ្ឋ ក៏ម្ចាស់រថយន្តហៅរថយន្តស្ទូច មកស្ទូចយកទៅជួសជុលដោខ្លួនឯង៕ រក្សាសិទ្ធិដោយ ៖ សា មេត










