ភ្នំពេញ ៖ សិក្ខាសាលាស្តីពី «ស្ត្រីលើវិថីជាអ្នកដឹកនាំក្នុងសតវត្សរ៍ទី២១» រៀបចំឡើងដើម្បីចែករំលែកចំណេះដឹង ផ្តល់បទពិសោធន៍ធ្វើអាជីវកម្ម រួមទាំងបទពិសោធន៍ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យផ្សេងៗគ្នា ដែលរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី ១៨និងទី១៩ ខែមិថុនា ឆ្នាំ២០២២ ដែលធ្វើឡើងនៅគម្រោង Urban Village និង Factory Phnom Penh ។

លោកស្រី Catherine Chan ស្ថាបនិក និងជានាយិកាប្រតិបត្តិនៃគម្រោង Urban Village & Factory Phnom Penh បានបញ្ចប់ការសិក្សាមកពីទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស និងទទួលបានពានរង្វាន់ជាច្រើនផ្នែកពាណិជ្ជកម្មនិងអចលទ្រព្យ លើកឡើងថា«បច្ចុប្បន្ននេះ ខ្ញុំ គិតថា តួនាទីស្ត្រីក្នុងសតវត្ស ទី២១ នៅក្នុងសង្គម គឺខុសពីមុន ដែលយើងឃើញមានជាថ្នាក់ដឹកនាំស្ត្រី CEO អ្នកជំនួញ និងផ្សេងៗដែលពួកគាត់ជា ស្ត្រី ។ ស្ត្រី ចូលរួមក្នុងអាជីវកម្ម ជាច្រើន ព្រោះទាំងបុរសនិងស្ត្រី គឺមានភាពខ្លាំងផ្សេងៗគ្នា ដែលយើង កំពុងផ្តល់អំណាចដល់ ពួកគាត់ ដើម្បីធ្វើឲ្យគាត់អាចចាប់ផ្តើមអាជីវកម្ម និងធ្វើឲ្យ ពិភពលោក កាន់តែប្រសើរឡើង។ ដូច្នេះនេះជាមូលហេតុដែលខ្ញុំគិតថា វាពិតជាសំខាន់សម្រាប់ស្ត្រីដើរតួនាទីនៅក្នុងសង្គម។»
ស្ត្រីគួរតែមានចំណេះដឹងបន្ថែមទៀត និងមានគោលដៅក្នុងជីវិត រួមទាំងមានការចែករំលែកទៅវិញដល់សង្គម។ ទន្ទឹមនឹងនេះ បុរសក៏ដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីឱ្យសម្រេចបាននូវគោលដៅរបស់ពួកគាត់។
សិក្ខាសាលានេះមានវាលគ្មិនជាអ្នកជំនាញ នៅក្នុងសង្គមដូចជា លោកជំទាវ ម៉ម ដាត្ថាលីណែត, លោកជំទាវ ម៉ាន ថារ័ត្ន, លោកជំទាវឩកញ៉ា គង់ សំណាង, ឩកញ៉ា ឈិន កេន, លោក សំ កុសល, លោកស្រីមេធាវី សុផាត ចាន់លក្ខិណា និង លោកស្រី ហុង ជីវឡាយ ដែលរួមគ្នាផ្តល់បទពិសោធន៍ដែលខ្លួនមាន មកចែករំលែកដល់សាធារណជន។

លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកលរាជធានីភ្នំពេញ ដែលចូលរួមរៀបចំកម្មវិធីនេះឡើង លើកឡើងថា «ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងគ្រួសារ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ខណៈពេលអាជីវកម្មខ្នាតតួច មធ្យម និងធំ ក្នុពិភពលោក មាន១ក្នុងចំណោម៣ ដែលត្រូវបានគ្រប់គ្រងដោយស្ត្រី។ យើងគួរតែលើកទឹកចិត្តបន្ថែមទៀតដល់ស្ត្រី ឱ្យចូលរួមកាន់តែសកម្មក្នុងការសម្រេចចិត្តនៃភាពជាសហគ្រិន តាមរយៈការចូលរួមនានា ដូចជាក្នុងសិក្ខាសាលានេះ ដើម្បីរៀបចំខ្លួនពួកគាត់ឱ្យកាន់តែប្រសើរជាងមុនក្នុងអាជីវកម្មក្នុងយុគសម័យសកលភាវូបនីយកម្ម។»
សូមបញ្ជាក់ថា អ្នកចូលរួមជាច្រើន មានទាំង សិស្ស និស្សិត អ្នកជំនួញ និងសាធារណជនផ្សេងទៀត យល់ឃើញថា សិក្ខាសាលានេះល្អ និងមានប្រយោជន៍ដល់ស្រ្តីខ្មែរជាច្រើនដើម្បីពង្រឹងខ្លួនឯង ហើយក៏ចង់អោយមានកម្មវិធីបែបនេះជាច្រើនទៀតនាពេលអនាគត។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖
https://www.facebook.com/urbanvillagephnompenh
https://www.facebook.com/FactoryPhnomPenh






