Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំណង​ពិត​របស់​គីម ជុង​អ៊ុន​គឺ​អ្វី​?

​ទើបតែ ១​ខែ មុននេះ ពិភពលោក​មួយ​ទាំងមូល​តាមដាន​ទៅ​លើ​កាយវិការ​របស់​ប្រធាន​កូរ៉េខាងជើង គីម ជុង​អ៊ុន តាំង​ពី​ការ​ដែល​លោក​ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in ហើយ​អ្នក​ទាំង​ពីរ​បាន​រួម​គ្នា​ដាំ​ដើមឈើ​នៅ​ព្រំដែន ។ ពេលនោះ​លោក​គីម ប្រកាស​ក្ឌែងៗ​ថា នេះ​គឺជា​រឿង​ប្រវត្តិសាស្ត្រ ហើយក៏​ជា​ការចាប់ផ្តើម​សម្រាប់​សន្តិភាព​រវាង​កូរ៉េ​ទាំង​ពីរ ។​

​លើសពីនេះ​ទៀត ក្រុង​ព្យុងយ៉ាង ថែម​ទាំង​សង្កត់ធ្ងន់​អំពី​ជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ នៅ​សិង្ហ​បុរី ហើយ​ថែមទាំង​បន្ថែមថា កូរ៉េខាងជើង នឹង​បញ្ឈប់​ការសាកល្បង​នុយក្លេអ៊ែរ និង​កាំជ្រួច​ភ្លាម ។ ប៉ុន្តែ​តាម BBC អ្វីៗ​គ្រប់យ៉ាង​ពេលនេះ បាន​កើតឡើង​នូវរ​បទ​ដែល​ពិបាក​ស្មាន ។​

​ព្រឹត្តិការណ៍​ថ្មីៗ កន្លងមក​របស់​ភាគី​កូរ៉េខាងជើង បានបង្ហាញ​ថា ពួកគេ​ពិតជា​ត្រូវ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ខ្លួន ព្រោះថា មុន​នោះ​នៅ​អំឡុង​ខែ​មេសា មេដឹកនាំ​នេះ​បាន​អះអាង​ថា ក្រុង​ព្យុងយ៉ាង បាន​សម្រេច​គោលដៅ​លើរ​ណ​ស្សិរ​នុយក្លេអ៊ែ​រ ហើយ​កំពុង​ផ្ទេរ​គោលដៅ​ទៅកាន់​វិស័យ​សេដ្ឋកិច្ច​វិញ​។​

​វា​គឺជា​មូលហេតុ​ដែល​ងាយ​យល់ គ្រា​ដែល​អាមេរិក​ប្រកាសថា​រាល់​ការវិនិយោគទុន​ឯកជន​ទាំងអស់​ទៅកាន់​កូរ៉េខាងជើង សុទ្ធសឹង​អាស្រ័យ​លើ​ការសន្យា​រំសាយ​ចោល​នុយក្លេអ៊ែ​រ ទាំងស្រុង​របស់​កូរ៉េខាងជើង​។​

​ព្រោះថា បើ​ពិនិត្យ​លើ​តួលេខ​ក្រោម​ទណ្ឌកម្ម​ជាច្រើន បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​កូរ៉េខាងជើង​រងនូវ​ភាព​អន្តរាយ​យ៉ាងខ្លាំង ។ ជាក់ស្តែង​ការនាំចេញ​របស់​ប្រទេស​នេះ បាន​ធ្លាក់ចុះ​ប្រមាណ ៣០% នៅ​ឆ្នាំ ២០១៧ ហើយ​ចំពោះ​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​កូរ៉េខាងជើង គឺ​ចិន​វា​បាន​ធ្លាក់​ចុះ​ដល់​ទៅ ៣០% ឯណោះ ។​

​រដ្ឋការ​លោក​គីម ជុង​អ៊ុន ដឹង​ច្បាស់​ថា ប្រសិនបើ​ស្ថានការណ៍​បែប​នេះ​អូសបន្លាយ​បន្ត នោះ​ស្ថានភាព​វា​កាន់តែ​អាក្រក់​ជាងនេះទៅទៀត ។​

​ទោះ​យ៉ាងណា​កូរ៉េ​ខាង​ពុំ​ចង់​លះបង់​អ្វី​ដោយ​ពុំ​មាន​ថ្នូរ​ត្រឡប់​មក​វិញ​នោះ​ទេ កាសែត Diplomat សន្និដ្ឋានថា “​កូរ៉េ​ខាងជើង​និង​អាមេរិក មាន​ការយល់ដឹង​អំពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ មិន​ដូចគ្នា​ទាំងស្រុង​ឡើយ​” ដោយ​ថា ប្រការ​ដែល​រដ្ឋកា​រគីម​ជុង​អ៊ុន​ចង់​បាន​ពិតប្រាកដ​នោះ​គឺ​ការដកចេញ​នូវ​របាំង​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​។ បច្ចុប្បន្ន​មាន​សេចក្តីសម្រេចចិត្ត​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ចំនួន ៩ ទៅ លើ​កូរ៉េខាងជើង ។ ប្រការ​នេះ​ជា​ហេតុ​ធ្វើឲ្យ​ការរើចេញ​របាំង​ហ៊ុម​ព័ទ្ធ​ជា​រឿង​មួយ​ពុំ​ងាយ​សោះឡើយ ។ ទោះបីជា​កូរ៉េខាងត្បូង​ប្រឹង ប្រែង​ក្នុង​ការជួយ​ដល់​កូរ៉េខាងជើង​ក្តី នោះ​អ្វីៗ​ក៏​មិន​អាច​ប្រសើរ​ឡើង​ប្រសិនបើ​គ្មាន​អង្គការសហប្រជាជាតិ និង​អាមេរិក​នោះទេ ។

​តាម​លោក William Newcomb ដែល​ជា​អតីត​សមាជិក​គណៈកម្មការ​ជំនាញ​ការ​អាមេរិក វាយតម្លៃថា សេចក្តីថ្លែងការណ៍​ថ្មីៗ​បំផុត​របស់​កូរ៉េខាងជើង អាច​ត្រូវបាន​ចាត់ទុកជា​គោលនយោបាយ “​ក្បែរ​រណ្តៅ​សង្គ្រាម​” អំពី​ការទូត ឬ​អាច​និយាយថា វា​ជា​វិធី​សាកល្បង​មើល តើ​អាមេរិក និង​សម្បទាន ដល់​កម្រិត​ណា​។ ប៉ុន្តែ​គោលនយោបាយ​បែបនេះ វា​មាន​ប្រសិទ្ធភាព​ឬ​គ្មាន គឺជា​រឿង​មិន​ប្រាកដប្រជា​មួយ ។​

​យ៉ាងនេះក្តី​កូរ៉េខាងជើង​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដើម្បី​មាន​គ្រប់​ថាមពល​សម្រាប់​អនុវត្ត​បំណងប្រាថ្នា​ពិតប្រាកដ​របស់​ខ្លួន​គឺ​៖ ការធានា​អះអាង​រឹងមាំ​មិន​អាច​កែប្រែ​សម្រាប់​កូរ៉េ​ខាងជើង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ខ្លួន ៕ សូ​យ​ន​

×