Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារាំង ចាប់អារម្មណ៍វិនិយោគលើវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង ខណៈចង់រក្សាទុកអគារបុរាណឱ្យបានច្រើន

spot_img

បាត់ដំបង ៖ បើតាមលទ្ធផលពិភាក្សាការងារ រវាង លោក សុខ លូ អភិបាលខេត្តបាត់ដំបង ជាមួយ លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅឯសាលប្រជុំសាលាខេត្តបាត់ដំបង ភាគីបារាំងបានចាប់អារម្មណ៍ទៅលើការបណ្ដាក់ទុនវិនិយោគលើវិស័យទេសចរណ៍នៅក្នុងខេត្តបាត់ដំបង។

លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) បានលើកឡើងថា លោកមានការចាប់អារម្មណ៍ទៅលើគម្រោងដាក់ឲ្យដំណើរការឡើងវិញ នូវអាកាសយានដ្ឋានបាត់ដំបង ដែលនេះគឺជាផ្លូវមួយឈានទៅរកការដឹកជញ្ជូនកាន់តែមានភាពងាយស្រួល និងបង្កឲ្យមានការលើកស្ទួយវិស័យដឹកជញ្ជូន ទេសចរណ៍ និងការអភិវឌ្ឍ នៅក្នុងខេត្តបាត់ដំបង ឱ្យកាន់តែរីកចម្រើន។

ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជារូបនេះ បានថ្លែងថា ការដែលរដ្ឋបាលខេត្តបាត់ដំបង បានខិតខំព្យាយាម ថែរក្សាសំណង់អគារបុរាណនានា ដែលកសាងឡើងក្នុងសម័យអាណានិគ
មនិយមបារាំង គឺជាការល្អប្រសើរមួយ ជាសរណ:រំលឹកដល់អ្នកជំនាន់ក្រោយឲ្យបានយល់ដឹងអំពីអតីតកាល, និងបានធ្វើការជួសជុលខ្លះជាកន្លែងដែលខូចខាត ដើម្បីរក្សានូវសំណង់អគារបុរាណនោះបានល្អប្រសើរ។

ឯកអគ្គរដ្ឋទូតបារាំង លើកឡើងថា ទាក់ទងទៅនឹងការអភិរក្សសំណង់បេតិកភណ្ឌក្នុងខេត្តបាត់ដំបងនេះ គឺយើងបានធ្វើការគិតគូផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើន តែអ្វីដែលយើងត្រូវដឹង គឺផែនការអភិវឌ្ឍន៍ និងអភិរក្ស ព្រោះថា សំណង់បេតិកភណ្ឌនាសតវត្សន៍ទី២០ យើងត្រូវតែធ្វើការសិក្សាអំពីប្លង់លំអិតជាមុនសិន មុននឹងអំពាវនាវដល់វិនិយោគិន ពាណិជ្ជករបារាំង ឲ្យមកដាក់ទុនរកស៊ីនៅក្នុងខេត្តបាត់ដំបងនេះ។

ចំណែក លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ជាការពិតណាស់ដែលរាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍លើការកែលំអ អាកាសយានដ្ឋាបាត់ដំបង ឲ្យក្លាយទៅជាអាកាសយានដ្ឋាន ប្រភេទ 4C ដែលមានកម្រិតស្មើនឹងខេត្តសៀមរាប ហើយបច្ចុប្បន្នក្រុមការងារកំពុងតែរៀបចំលើគម្រោងនេះ, យកចិត្តទុកដាក់ថែរក្សាសំណង់អគារបុរាណសម័យបារាំង ប៉ុន្តែ វាក៏មានបញ្ហាខ្លះដែរ គឺបញ្ហាបច្ចេកទេស និងថវិកា ដើម្បីអភិវឌ្ឍន៍តំបន់អភិរក្សនេះ។

ក៏មានផ្សារមួយទៀត គឺផ្សារណាត់ ជាសំណង់តាំងពីសម័យអាណានិគមនិយមបារាំង ដែលសព្វថ្ងៃកំពុងជួបប្រទះហានិភ័យ, ដូច្នេះ សូមភាគីបារាំងពិនិត្យមើលលទ្ធភាពជួយដល់សំណង់អគារនេះ តាមលទ្ធភាពជាក់ស្ដែង ហើយទៅថ្ងៃក្រោយតំបន់អភិរក្សបេតិកភណ្ឌ សំណង់អគារបុរាណនេះ នឹងធ្វើឱ្យខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរមកទស្សនាកម្សាន្ត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×