ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីមួយ បង្កការភ្ញាក់ជាខ្លាំង ទៅដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទៅវិញទៅមក ដោយសារមាននារីម្នាក់ បានផឹកស្រាស្រវឹងជោគជាំ ហើយទៅដេក នៅលើផ្លូវរទេះភ្លើង ក៏បណ្ដាលរទេះភ្លើង បើកកិនដាច់ត្រឹមកស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង ដែលហេតុការណ៍នេះ បានកើតឡើងស្ថិតនៅក្នុង ខណ្ឌពោធិ៍សែនជ័យ ។
បើតាមការឲ្យដឹង ពីកូនស្រីរបស់សព ម្ដាយនាងអាយុប្រហែល៤៨ឆ្នាំខាងលើនេះ ឲ្យតែផឹកស្រាស្រវឹង តែងតែមកដេក លើផ្លូវរថភ្លើង ជារៀងរាល់ថ្ងៃ ប៉ុន្តែមិនដែលមាន បញ្ហាអ្វីកើតទេ ទើបតែថ្ងៃនេះ ក៏មានរថភ្លើងបើកកិនដាច់ក្បាលបែបនេះ កើតឡើងតែម្តង។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះ មានកូនប្រុសតូចម្នាក់ទើបតែស្លាប់ដោយសារលង់ទឹកត្រពាំង ហើយត្រូវធ្វើបុណ្យគម្រប់៧ថ្ងៃនៅថ្ងៃស្អែកនេះហើយ ។ ក្រោយពីកូនស្លាប់ ជនរងគ្រោះចេះតែ ស្រងូតស្រងាត់ អារម្មណ៍ភាំងៗ មិនសូវនិយាយស្តី ខ្វាយខ្វល់អារម្មណ៍គិតតែពីកូន រហូតមកដល់រសៀលថ្ងៃនេះ ទុក្ខសោក សៅសងក្នុងចិត្តរបស់នាងត្រូវកើនឡើង ទើបជនរងគ្រោះផឹកស្រា លុះស្រវឹងទៅអង្គុយលើផ្លូវដែក ដោយភ្លេចខ្លួន ម្យ៉ាងជនរងគ្រោះ កំពុងតែភាំងៗស្មារតីស្រាប់ផង ត្រូវបានរថភ្លើង ខ្សែVIP ដឹកអ្នកដំណើរ ជនបរទេស តម្រូវចូលព្រលានយន្តហោះពោធិចិនតុង ដែលបើកពីកើតទៅលិច កិនដាច់ក្បាលស្លាប់ភ្លាមៗគួរឲ្យរន្ធត់ ។ក្រោយកើតហេតុរថភ្លើងមិនបានឈប់ទៅបាត់៕ ដោយ ៖ បញ្ញាស័ក្តិ