ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមចោរថ្លើមធំហ៊ានគាស់ផ្ទះប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិ ក្បែរប៉ុស្តិ៍នគរបាលសំរោងក្រោម

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ដែលត្រូវក្រុមចោរលួចគាស់សោរផ្ទះចូលយកសម្ភារៈ បានរាយការណ៍ប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ក្រុមចោរបានចូលមកលួចគាស់សោរផ្ទះរបស់ពួកគាត់ ចូលរើកកាយយកសម្ភារគិតជាប្រាក់អស់ជាងប្រាំរយដុល្លារ។

ពួកគាត់សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ដោយសារពួកគាត់មានកម្មវិធី នៅខាងក្រៅ មិនបានមកផ្ទះវិញទេ ហើយក៏បានចាក់សោរផ្ទះត្រឹមត្រូវ លុះព្រឹកឡើងទើបអ្នកជិតខាង តេទូរស័ព្ទប្រាប់ពួកគាត់ ឲ្យត្រឡាប់មកវិញ ទើបឃើញបាត់បាស់មួយ ដែលមានតម្លៃជាងប្រាំរយដុល្លារ ចំណែកម្ចាស់ផ្ទះមួយទៀត មិនមានការបាត់បង់អីទេ។

ប្រជាពលរដ្ឋបានប្រាប់បន្តទៀតថា ទីតាំងដែលក្រុមចោរលួចគាស់សោរផ្ទះនោះ ទីមួយផ្ទះលេខ២D និងផ្ទះលេខ៣D ស្ថិតនៅភូមិតិក្ខប្បញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយក្រុមចោរបានធ្វើសកម្មភាព នៅវេលាម៉ោងប្រហែលជា៣ទៀបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។

ប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថា ករណីចោរលួច, ចោរឆ.ក់, គាស់ផ្ទះ, តែងតែកើតមានស្ទើររាល់យប់រាល់ថ្ងៃ ខណៈសមត្ថកិច្ចនគរបាលប៉ុស្តិ៍សំរោងក្រោម និងអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បង្ក្រាបបាននៅឡើយ។

ជាក់ស្តែរយៈពេលពីរបីយប់ជាប់គ្នានេះ គឺមានករណីលួចរ៉ឺម៉ករបស់ពលរដ្ឋ និងជាក់ស្តែយប់នេះ ក៏ពួកវាលួចគាស់សោរផ្ទះលួចយកសម្ភារៈទៀត។
ប្រជាពលរដ្ឋរស់នៅភូមិតិក្ខប្បញោ ជាពិសេសនៅម្តុំកន្លែងកើតហេតុតែម្តង សូមសំណូមពរឲ្យលោកមេប៉ុស្តិ៍ និងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ជួយដាក់កម្លាំងល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់រាល់បទល្មើសទាំងនេះផង។

គួររំលឹកថា កន្លងមក បទល្មើសឆ.ក់, ប្ល.ន់, លួចគាស់ផ្ទះ, លួចផ្លាកលេខរថយន្ត, ឆ្កឹះកញ្ចក់រថយន្តស៊េរីទំនើប តែងតែកើតមានជាញឹកញាប់ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បើទោះបីជាសមត្ថកិច្ចខិតខំបង្ក្រាបយាងណាក៏ដោយ។ ដូចច្នេះ គួរតែមានវិធានការណ៍ទប់ស្កាត់ ឲ្យបានម៉ឺងម៉ាត់បំផុត៕ រក្សាសិទ្ធិដោយ ៖ សួង សាម