ខេត្តព្រះសីហនុ៖ អភិបាលក្រុង និងអភិបាលខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃសៅរ៍ទី១៩ ខែឧសភា ឆ្នាំ២០១៨ បានដឹកនាំមន្រ្តីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិត និងវិស័យឯកជន នៅមូលដ្ឋាននេះ ឲ្យចូលរួមថែរក្សាសំអាតអនាម័យ បរិស្ថាន ជាមួយអាជ្ញាធរឲ្យបានជាប្រចាំ ដើម្បីរក្សាសុខភាព និងរក្សាសោភណ្ឌភាព ទីក្រុងទេសចរណ៍មួយនេះឲ្យបានល្អ។
នាឱកាសនោះ ឯកឧត្តម យន្ត មីន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងលោក អីុ សុខឡេង អភិបាល នៃគណ:អភិបាលក្រុងព្រះសីហនុ ព្រមទាំងលោក ណុប ហេង ប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានអញ្ជើញចូលរួមបំផុសកម្មវិធីរើសសំរាម នេះ នៅក្នុងបរិវេណមហោស្របចាស់។ ពិធីនេះដែរ ក៏មានការចូលរួមពីមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិត និងវិស័យឯកជន បានចូលរួម សំអាតអនាម័យបរិស្ថាននេះច្រើនកុះករ។
ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា សកម្មភាពខាងលើនេះ គឺជាយុទ្ធនាការរើសសំរាម ដើម្បីបំផុសគំនិតដល់មន្ត្រីរាជការ វិស័យឯកជន ប្រជាពលរដ្ឋ ជាពិសេសយុវជន ឲ្យចេះស្រលាញ់បរិស្ថាន និងទុកដាក់ ឬ វេចខ្ចប់កាកសំណល់សំរាម ឲ្យបានត្រឹមត្រូវ។ លោកបន្តថា «បរិស្ថានស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា»៕ ដែន សីមា