ភ្នំពេញ ៖ នៅវេលាម៉ោង ៧និង០០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ មានករណីអគ្គិភ័យបានឆាបឆេះ មួយកន្លែង ដែលស្ថិតនៅផ្ទះលេខ៤៩៥ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះផ្ទះអស់ចំនួន ២ខ្នងទាំងស្រុង និង ១ខ្នងទៀតយកសម្ភារៈចេញបាន។ ចំណែកឯទីតាំងខាងលើ ជាប្រភេទសំណង់ ឈើប្រក់ស័ង្កសី ដែលមានទំហំ (៤ម៉ែត្រ x ៦ម៉ែត្រ)។

នៅវេលាម៉ោង ៨និង១០នាទីថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើនឹង ១៦ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តសាលាខណ្ឌច្បារអំពៅចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប , រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ១២ម៉ែត្រគូប , រថយន្តបុរីប៉េងហួត បឹងស្នោចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ១២ម៉ែត្រគូប ៕ រក្សាសិទ្ធិដោយ ៖ សួង សាម






