ភ្នំពេញ៖ ប្រជាពលរដ្ឋរាប់សិបគ្រួសារដែលជាម្ចាស់ស៊ង ម្ចាស់ស្រះចិញ្ចឹមត្រី និងជាអ្នកាន់កាប់ដីអាស្រ័យផល នៅលើផ្ទៃបឹងសំរោង រាប់សិបឆ្នាំមកហើយ បាននាំគ្នាធ្វើការអំពាវនាវសូមឲ្យក្រុមហ៊ុនសំរោង រុងរឿង ដែលទទួលបានកម្មសិទ្ធិគ្រប់គ្រងលើដីបឹងខាងលើ ផ្ដល់សំណងដោះស្រាយផលប៉ះពាល់ ជូនពួកគាត់ដូចការសម្រេចរបស់រាជរដ្ឋាភិបាល ។

សូមបញ្ជាក់ថា យោងតាមស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីលេខ៤៤៣ ស.ជ.ណ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានសម្រេចប្រគល់កម្មសិទ្ធិដី ទំហំ ២៣៦ហិកតា លើដីបឹងសំរោងដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ សំរោង-សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឲ្យទៅក្រុមហ៊ុនសំរោង រុងរឿង.ឯក ។ រាជរដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុនសំរោងរុងរឿង ត្រូវធ្វើការចំណាយថវិកាចំនួនជាង១៨០លានដុល្លារ សម្រាប់ធ្វើការដោះស្រាយផលប៉ះពាល់ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈទាំងនៅក្នុងគំរោងអភិវឌ្ឍ និងនៅជុំវិញមួយចំនួនទៀត។ ក្នុងនោះចំណុច”១ក” រាជរដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុនផ្ដល់ថវិកាចំនួន ៣៣.៦០០.០០០ ដុល្លារ
សម្រាប់ដោះស្រាយផលប៉ះពាល់ ដល់អ្នកអាស្រ័យផលស៊ង និងស្រះចិញ្ចឹមត្រីនៅលើផ្ទៃបឹង និងអ្នកកាន់កាប់ផ្ទៃបឹងខុសច្បាប់ តែរហូតមកដល់ពេលនេះ មានរយៈពេលជិត១ឆ្នាំមកហើយ ក្រុមហ៊ុននៅមិនទាន់ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋជាម្ចាស់ស៊ង ម្ចាស់ស្រះចិញ្ចឹមត្រី រួមទាំងអ្នកកាន់កាប់ដីបឹងអាស្រ័យផលនៅឡើយទេ បែរជាក្រុមហ៊ុនគិតតែពីធ្វើសកម្មភាពចាក់ដី ធ្វើផ្លូវបេតុងព័ទ្ធជុំវិញ និងបូមខ្សាច់ចាក់បំពេញតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋមួយរូបដែលឈរមើលសកម្មភាព ក្រុមហ៊ុនបូមខ្សាច់ ចាក់ស្ទើរតែជិតលុបលើលំនៅដ្ឋានគាត់ទៅហើយនោះ បានអះអាងថា រូបគាត់មិនមានការជំទាស់អ្វីឡើយ ហើយគោរពទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើការអភិវឌ្ឍន៍តែសូមឲ្យក្រុមហ៊ុនដោះស្រាយផលប៉ះពាល់ ដល់រូបគាត់រួចរាល់ដូចអ្វី ដែលរាជរដ្ឋាភិបាលបានសម្រេចសិន ចាំបន្តបូមខ្សាច់ចាក់បន្តទៀត។
ប្រជាពលរដ្ឋជាច្រើនរូបទៀតដែលជាម្ចាស់ស៊ង ម្ចាស់ស្រះចិញ្ចឹមត្រី ក៏ដូចជាអ្នកកាន់កាប់អាស្រ័យផល លើដីបឹងនេះជាយូរឆ្នាំមកហើយ ក៏សម្ដែងការបារម្ភ ពីការមិនទទួលបានសំណង ដូចអ្វីដែលរាជរដ្ឋាភិបាល បានសម្រេចរួចមកហើយ ដោយក្នុងនោះពួកគាត់ សំណូមពរសូមសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល មេត្តាជួយជំរុញឲ្យក្រុមហ៊ុន សំរោង រុងរឿង ដោះស្រាយសំណងជូនពួកគាត់ ដូចអ្វីដែលរាជរដ្ឋាភិបាល បានសម្រេចរួចមកហើយដោយក្ដីអនុគ្រោះ ដើម្បីពួកគាត់មានលទ្ធភាព យកទៅប្រកបអាជីវកម្ម និងកសាងលំនៅដ្ឋាននៅកន្លែងផ្សេងៗតទៅទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី







