Wednesday, January 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេទ័ព​កម្ពុជា ស្នើ​ភាគី​វៀតណាម បន្ត​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​បន្ថែមទៀត​

នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​សំណូមពរ​ដល់​ភាគី​វៀតណាម បន្ត​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជំនាញ ជាពិសេស ជំនាញ​ទ័ព​ពិសេស ដែលជា​កងកម្លាំងអន្តរាគមន៍​រហ័ស​ដ៏​មាន​សារសំខាន់ ដើម្បី​ពង្រឹង ពង្រីក​នូវ​ទំនាក់ទំនង​មិត្តភាព​។​

​នៅ​អគ្គបញ្ជាការដ្ឋាន ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោកនាយ​ឩ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ គណៈប្រតិភូ​កងទ័ព​ប្រជាជន​វៀតណាម ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ដូ ថា​ញ់ ប៊ិ​ញ មេបញ្ជាការ​ទ័ព​ពិសេស​នៃ​កងទ័ព​ប្រជាជន​វៀតណាម ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពង្រឹង ពង្រីក​នូវ​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី ដែល​ប្រទេសជាតិ​ទាំងពីរ កម្ពុជា​-វៀតណាម ធ្លាប់មាន​ជា​យូរលង់​ណាស់​មកហើយ ឱ្យ​កាន់តែ​រីកចម្រើន​មួយកម្រិត​ថែមទៀត​។

​នាយ​ឩ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​មានប្រសាសន៍ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​កងទ័ព​ប្រជាជន​វៀតណាម ដែល​បាន​ឧបត្ថម្ភ​សំណង់​អគារ សម្ភារៈ ថវិកា និង​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​កងយោធពល​ខេមរភូមិន្ទ លើ​គ្រប់​ជំនាញ ដែលជា​កត្តា​គន្លឹះ​ក្នុងការ​អភិវឌ្ឍ​កងទ័ព​កម្ពុជា ឱ្យមាន​ការរីកចម្រើន​ជា​លំដាប់​។

​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ដូ ថា​ញ់ ប៊ិ​ញ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ដំណើរការ​អភិវឌ្ឍ​រប​ស់​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​។ កងទ័ព​ប្រជាជន​វៀតណាម​តែង​បាន​ផ្តោត​ការយកចិត្តទុកដាក់​ចំពោះ​តម្រូវការ​នានា​របស់​ក​ង​យោធពលខេមរភូមិន្ទ និង​បាន​ប្រកាន់យក​នូវ​ជំហរ​ក្នុង​ការជួយ​ឧបត្ថម្ភគ្នា​ទៅវិញទៅមក​។

​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​បន្ថែមថា “​ទ័ព​ពិសេស​នៃ​កងទ័ព​ប្រជាជន​វៀតណាម នឹង​ខិតខំ​យក​អស់​សមត្ថភាព ក្នុង​ការជួយ​បណ្តុះបណ្តាល​ទ័ព​ពិសេស​នៃ​កងយោធពល​ខេមរភូមិន្ទ ឱ្យ​កាន់​តែមាន​សមត្ថភាព​ខ្ពស់​” ៕ ដោយ​៖​បញ្ញា​ស័ក្តិ​