ភ្នំពេញៈ ដើម្បីឆ្លើយតបទៅនឹងប្រធានបទនៃទិវា ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ “ធ្វើសកម្មភាពរួមគ្នា ដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពជាវិជ្ជមាន” ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យគ្រប់ភាគីចូលរួមបន្តអនុវត្តនូវវិធានការបង្ការជាវិជ្ជមានដល់បញ្ហាគ្រោះថ្នាក់ការងារ ក៏ដូចជាបន្តការការពារការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ រួមមាន៖ បង្កើនកិច្ចសន្ទនាសង្គមលើការងារសុវត្ថិភាព និងសុខភាពការងារនៅគ្រប់កន្លែងធ្វើការ ដោយចាត់ទុកបញ្ហានេះជាសិទ្ធិមូលដ្ឋានអាទិភាពមួយ ដូចសិទ្ធមូលដ្ឋានដទៃទៀត។ ចូលរួមអនុវត្តការអនុម័តពីការបញ្ចូលប្រធានបទសុវត្ថិភាព និងសុខភាពការងារជាការងារស្នូលដែលត្រូវយកចិត្តទុកដាក់ក្រោយពេលបន្ថែមចូលទៅក្នុងអនុសញ្ញាលេខ ១៥៥ និង ១៨៧ ដែលមានស្រាប់កន្លងមក។

ការស្នើនេះ បានធ្វើឡើងនៅក្នុងទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ “ធ្វើសកម្មភាពរួមគ្នា ដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពជាវិជ្ជមាន” គឺជាយុទ្ធនាការអន្តរជាតិដែលបានរៀបចំឡើង ដោយរដ្ឋាភិបាល សមាគមនិយោជក និងសហជីព នៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិខាងការងារ (ILO) នៅលើសកលលោកជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត រងគ្រោះដោយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការងារសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។
ឯកឧត្តមបន្តថា ចូលរួមចែករំលែកនូវការអនុវត្តល្អៗ និងបទពិសោធន៍របស់និយោជក និងកម្មករនិយោជិត ពីសហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន ទៅសហគ្រាសផ្សេងៗទៀត។ បន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ និងត្រូវណែនាំដល់កម្មករនិយោជិតឱ្យធ្វើអនាម័យដៃជាប្រចាំនៅកន្លែងធ្វើការ។ បង្កើនការយកចិត្តទុកក្នុងការបាញ់សម្លាប់មេរោគនៅតាមកន្លែងធ្វើការ អគារផលិតកម្ម និងកន្លែង ប្រើប្រាស់រួមគ្នា និង ធានាថាមានការរក្សាគម្លាតសង្គមនៅកន្លែងធ្វើការ និងក្រៅតាមដែលអាចធ្វើទៅបាន និងណែនាំដល់កម្មករនិយោជិតឱ្យពាក់ម៉ាស់ជាប្រចាំ និងប្រកាន់ខ្ជាប់នូវអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន “៣កុំ ៣ការពារ” ។

រដ្ឋមន្ត្រីក្រសួងការងារបានជំរុញដល់ភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ សំដៅ៖ ១. បង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការស្តីពីសុវត្ថិភាព និងសុខភាពការងារដល់ស្ថាប័នរដ្ឋ អង្គការជាតិ អង្គការអន្តរជាតិជាដៃគូ សមាគមនិយោជក សហជីព និងកម្មករនិយោជិត ដើម្បីលើកកម្ពស់វប្បធម៌នៃបង្ការជាវិជ្ជមានលើផ្នែកសុវត្ថិភាព និងសុខភាព ការងារនៅកន្លែងធ្វើការ។ ២.ផ្សព្វផ្សាយ និងចែករំលែកពីស្ថានភាព និងទំហំហានិភ័យនៃគ្រោះថ្នាក់ការងារ និងផលប៉ះពាល់ទៅលើកម្មករនិយោជិត រួមនឹងការអនុវត្តល្អៗពីភាគីនិយោជក និងកម្មករនិយោជិត លើការងារសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ និង ៣. ជំរុញការលើកកម្ពស់បន្ថែមចលនាទាក់ទាញការគាំទ្រផ្នែកនយោបាយ និងថវិកា ក្នុងការបង្ការ និងកាត់បន្ថយការបាត់បង់ជីវិត គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅទូទាំងពិភពលោក ។
បើផ្អែកតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញដែរថា លទ្ធផលអង្កេតហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់ មានសរុបចំនួន ១១,២៥៨នាក់ ស្រីចំនួន ៦,២២០នាក់ ក្នុងឆ្នាំ២០២១ ដែលក្នុងនោះរួមមាន គ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ៥,៧២៥នាក់ ស្រីចំនួន ២,៩៨២នាក់ គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៥,៥៣៣នាក់ ស្រីចំនួន ៣,២៣៨នាក់ ដែលចំនួនអ្នកគ្រោះថ្នាក់នេះ មានការថយចុះស្មើនឹងចំនួន ២៥,៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២០៕ រក្សាសិទ្ធិដោយៈ ចេស្តារ






