ភ្នំពេញ ៖ គិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME) បានផ្តល់ប្រាក់កម្ចីនៃគម្រោងសហហិរញ្ញប្បទាន ប្រមាណ ៣៤០លានដុល្លារ ដល់សហគ្រាសធុនតូច និងមធ្យម លើគ្រប់វិស័យទាំងអស់ ប្រមាណ ២ពាន់កន្លែង នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងអត្រាការប្រាក់ទាប។

លោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME) បានលើកឡើង ក្នុងអំឡុងពិធីចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់ រវាងធនាគារសហគ្រាសធុនតូច និងមធ្យម និងសមាគមកសិដ្ឋានស្ត្រី ថា គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ដំណាក់កាលទី១ និងដំណាក់កាលទី២ បានអនុវត្តរួចរាល់ហើយ ស្មើនឹងទឹកប្រាក់ ៣៤០លានដុល្លារ ខណៈគម្រោងទី៣ ដែលជាគម្រោងសហហិរញ្ញប្បទាន ជំរុញកំណើនវិស័យទេសចរណ៍ មានទំហំទឹកប្រាក់ ១៥០លានដុល្លារនោះ ទើបតែចាប់ផ្តើមអនុវត្ត កាលពីដើមខែកក្កដានេះ។

លោក បានចាត់ទុកថា នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ពិតមានសារ:សំខាន់ ពោលគឺវិស័យមួយនេះ ផ្តល់ការងារដល់ជាង ៧០ភាគរយ ដល់ប្រជាពលរដ្ឋ។

ធនាគារសហគ្រាសធុនតូច និងមធ្យម (SME) បានបង្កើតឡើងកាលពីឆ្នាំ២០២០ ដោយរាជរដ្ឋាភិបាលកម្ពុជា គិតរហូតមកទល់បច្ចុប្បន្ននេះ បានផ្តល់ឥណទាន ដល់សហគ្រាសធនតូច និងមធ្យម ដើម្បីជួយស្តារអាជីវកម្ម និងទប់លំនឹងអាជីវកម្មឱ្យនៅដំណើរការ ក្នុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។

កាលពីខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តគម្រោង សហហិរញ្ញប្បទានក្នុងជំហានទី១ មានការចូលរួមពីធនាគារចំនួន៣៣ ដែលមានទំហំទឹកប្រាក់ ១០០លានដុល្លារ ដើម្បីផ្តល់កម្ចីដល់ SME ក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ពួកគេ ឱ្យមានលទ្ធភាពក្នុងការបន្តអាជីវកម្ម។ ចំណែកជំហានទី២ រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តកាលពីខែមីថុនា ឆ្នាំ២០២១ ទំហំទឹកប្រាក់១០០លានដុល្លារបន្ថែមទៀត។

គម្រោងសហហិរញ្ញប្បទានរបស់ធនាគារ SME ដែលបានបង្កើតមានគោលបំណងផ្តល់ឥណទានមានការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាពដូចជាឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្មសម្រាប់ ជំនួសឱ្យការនាំចូល បម្រើសេចក្តីត្រូវការក្នុងស្រុក ឬបម្រើធាតុចូលក្នុងការផលិតរបស់ក្រុមហ៊ុនធំៗជាដើម ។

បើតាមលោក លឹម អូន ធនាគារ SME បានផ្តល់ឥណទានសម្រាប់សហគ្រិនស្រ្តី មានអត្រាការប្រាក់តែ ៥.៥៥% ប៉ុណ្ណោះក្នុងមួយឆ្នាំ សម្រាប់វិស័យអាទិភាព និងការប្រាក់ ៥.៨៨% ទៅ៧.៥% ក្នុងមួយឆ្នាំ ជាការប្រាក់មួយដែលទាប បើធៀបនឹងធនាគារផ្សេងៗ ដែលនេះ គឺជាដំណោះស្រាយបឋមមួយ សម្រាប់អាជីកម្មក្នុងពេលដែលរងផលប៉ះពាល់ ដោយសារវិបត្តិកូវីដ១៩។
អ្នកស្រី សូ គន្ធី ប្រធានសមាគមកសិដ្ឋានស្រ្តី ក៍បានលើកឡើងដែរថា គម្រោងសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល និងធនាគារ SMEនេះ និង លើកទឹកចិត្តយ៉ាងខ្លាំង ចំពោះសហគ្រិនកម្ពុជា ដែលកំពុងប្រកបអាជីវកម្មធុនតូច និងមធ្យម ជាពិសេសសហគ្រិនស្ត្រី ជាមួយនឹងការផ្តល់នូវអត្រាការប្រាក់ទាប៕