ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប បើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបើក “សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២” នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នេះ នាខេត្តព្រះសីហនុ។

លោកនុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា សន្និបាតនាពេលនេះ មានគោលបំណងសំខាន់គឺធ្វើការបូកសរុប និងវាយតម្លៃលើលទ្ធផលការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ។

លោកបានលើកយកនូវសមិទ្ធផលនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលមានជាអាទិ៍៖
១- ការរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត ដើម្បីបម្រើឱ្យការបោះឆ្នោត ស្របតាមច្បាប់ និងបទបញ្ជាជាធរមាន។
២- ការចុះឈ្មោះប្រជាពលរដ្ឋខ្មែរចំនួន៩,២០៥,៦៨១ (ប្រាំបួនលានពីររយប្រាំពាន់ប្រាំមួយរយប៉ែតសិបមួយ) នាក់ ក្នុងនោះស្ត្រី៤,៩០៤,៨៣២ (បួនលានប្រាំបួនរយបួនពាន់ប្រាំបីរយសាមសិបពីរ) នាក់ ទៅក្នុងបញ្ជីបោះឆ្នោត។
៣- ការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត មានចំនួន១៧(ដប់ប្រាំពីរ) គណបក្សនយោបាយ។
៤- ការទទួលស្គាល់ភ្នាក់ងារគណបក្សនយោបាយចំនួន៨៨,០៥០ (ប៉ែតសិបប្រាំបីពាន់ហាសិប) នាក់ ក្នុងនោះស្ត្រីចំនួន២៦,១៥៥ (ម្ភៃប្រាំមួយពាន់មួយរយហាសិបប្រាំ) នាក់។

៥- អនុញ្ញាតជូនអ្នកសង្កេតការណ៍បោះឆ្នោតជាតិចំនួន៧៤,៨៨៥ (ចិតសិបបួនពាន់ប្រាំបីរយប៉ែតសិបប្រាំ) នាក់ ក្នុងនោះស្ត្រីចំនួន៤៥,៤៧១ (សែសិបប្រាំពាន់បួនរយចិតសិបមួយ) នាក់ អ្នកសង្កេតការណ៍អន្តរជាតិចំនួន១១០ (មួយរយដប់) នាក់ ក្នុងនោះស្ត្រី៤០ (សែសិប) នាក់ និងភ្ញៀវពិសេសចំនួន២៣ (ម្ភៃបី) នាក់ ក្នុងនោះស្ត្រីចំនួន៦ (ប្រាំមួយ) នាក់។
៦- អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៧,៣៨២,៤៤៩ (ប្រាំពីរលានបីរយប៉ែតសិបពីរពាន់-បួនរយសែសិបប្រាំបួន) នាក់ ស្មើនឹង៨០.១៩ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានទៅបោះឆ្នោតសម្ដែងឆន្ទៈរបស់ពួកគាត់ដោយសេរី និងអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លួន ប្រកបដោយសុវត្ថិភាព គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។
៧- ការដោះស្រាយពាក្យបណ្ដឹងសរុបចំនួន៦១១ (ប្រាំមួយរយដប់មួយ) បណ្ដឹង។
៨- ការផ្សព្វផ្សាយលទ្ធផលបោះឆ្នោតបឋម និងប្រកាសផ្សាយលទ្ធផលបោះឆ្នោតផ្លូវការតាមទូរទស្សន៍ជាតិកម្ពុជា និងតាមអ៊ីនធឺណិត តាមរយៈវេបសាយដែលមានអាសយដ្ឋាន electresult.nec.gov.kh, App NEC KH, Channel YouTube និងតាម Facebook Page របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងពិសេសជាងការបោះឆ្នោតមុនៗនោះ គឺការដាក់ឱ្យប្រើប្រព័ន្ធបច្ចេកវិទ្យានូវកម្មវិធីចំនួន៣ គឺទី១- កម្មវិធីគ្រប់គ្រងចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ទី២- កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងទី៣- កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។

អនុប្រធាន គ.ជ.ប បានបញ្ជាក់ថា សមិទ្ធផលការងារដែលបានលើកឡើងខាងដើមនេះ គ្រាន់តែលើកឡើងនូវសមិទ្ធផលសំខាន់ៗជាយ៉ៗតែប៉ុណ្ណោះ នៅពេលបន្ទាប់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី នឹងបានស្ដាប់របាយការណ៍បូកសរុបការងាររៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងលម្អិតអំពីសមិទ្ធផលដែលបានលើកឡើងខាងដើមនេះទៀត នឹងថ្លែងដោយឯកឧត្ដម សោម សូរីដា ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអគ្គលេខាធិការរង។

សមិទ្ធផលការងារទាំងឡាយខាងដើមនេះ អាចសម្រេចទៅបានអាស្រ័យលើកត្តាគោរព និងអនុវត្តបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាពាក់ព័ន្ធនឹងការបោះឆ្នោត ប្រតិទិន និងផែនការមេ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួនទៀត ហើយក៏មានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត ព្រមទាំងប្រាជ្ញាស្មារតី ក្នុងការអនុវត្តការងារតាមតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ដែលបានជួយឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាត់ចែង និងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ ទទួលបានជោគជ័យ ក្នុងនោះក៏មានការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ រួមមានរាជរដ្ឋាភិបាលកម្ពុជា អ្នកបោះឆ្នោត គណបក្សនយោបាយ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប្រទេសជប៉ុន ហើយជាពិសេស ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ដល់កិច្ចសហការល្អអនុញ្ញាតឱ្យបុគ្គលិកអប់រំចូលបម្រើការងារជាមន្ត្រីបោះឆ្នោត និងផ្ដល់នូវសាលារៀនដើម្បីធ្វើជាទីតាំងការិយាល័យបោះឆ្នោត។

លោកនុត សុខុម បានបន្តទៀតថា ទោះបីជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សម្រេចបាននូវលទ្ធផលជោគជ័យយ៉ាងណាក្ដី ក៏យើងនៅតែសង្កេតឃើញថានៅមានចំណុចខ្វះខាតមួយចំនួន ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមចំណែកដោះស្រាយតាមរយៈអង្គសន្និបាតនេះ។

នៅពេលពិភាក្សាលើប្រធានបទ ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងខ្លួនលោកផ្ទាល់ លោកស្នើសូមឱ្យឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់មេត្តាផ្តោតការយកចិត្តទុកដាក់ក្នុងការចូលរួមពិភាក្សាលើប្រធានបទឱ្យបានផុលផុស ដោយលើកយកបញ្ហាប្រឈមសំខាន់ៗ ផ្ដល់ជាយោបល់ ឬលើកជាសំណូមពរ ឬអនុសាសន៍ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានសេចក្ដីថ្លៃថ្នូរ លើប្រធានបទធំៗចំនួន ៥ គឺ៖
ទី១- ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។
ទី២- ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ។
ទី៣- ការឃោសនាបោះឆ្នោត។
ទី៤- ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត។
ទី៥- ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត។

លោកសង្ឃឹម និងជំនឿយ៉ាងមុតមាំថា តាមរយៈសន្និបាតនេះ រាល់មតិយោបល់ ឬសំណូមពរ និងអនុសាសន៍របស់ឯកឧត្ដម លោកជំទាវ លោក លោកស្រីដែលលើកឡើងក្នុងកិច្ចពិភាក្សាដែលស្របទៅនឹងច្បាប់ បទបញ្ជា និងឧត្ដមានុវត្តន៍ ជាធាតុចូលគន្លឹះ និងវិភាគទានដ៏ថ្លៃថ្លាក្នុងការរួមចំណែកកែលម្អការបោះឆ្នោតខាងមុខ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕ រក្សាសិទ្ធិដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>