ភ្នំពេញ ៖ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ ទូក ង និងទូក មួង របស់ខេត្តកំពង់ឆ្នាំង បានបញ្ចេញនូវសមត្ថភាពទាំងល្បឿន ទាំងសោភណ្ឌភាព ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលចូលរួមទស្សនាផ្ទាល់។ ក្នុងនោះចំណោមទូកទាំង២៨ របស់ខេត្តកំពង់ឆ្នាំង ទូកមិនដែលស្គាល់ពាក្យថាចាញ់ចំនួន៣ថ្ងៃត្រូវនឹង៦ជើង ក្នុងការប្រណាំងដែលទទួលការចាប់អារម្មណ៍សរសើរមិនដាច់ពីមាត់មហាជនគឺ ទូកចែវនារី ឈ្មោះ ព្រះពៃស្រពណ៌របស់ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
តាមលទ្ធផលរយះពេលបីថ្ងៃ អ្វីដែលបងប្អូនក្នុងខេត្តកំពង់ឆ្នាំងក៏ដូចជាបងប្អូនចំណុះទូកមានភាពជឿជាក់នោះគឺទូកព្រះពៃស្រពណ៍ ប្រាកដជាបានឡើងទៅទទួលពានរង្វាន់ពីព្រះមហាក្សត្រផ្ទាល់ដែលជាកិតិ្តយស មុខមាត់ភូមិស្រុករបស់ទូក ព្រះពៃស្រពណ៍ ព្រោះថាទូកចែវនារីទូទាំងប្រទេសមានតែ២ទូកទេ ហើយព្រះពៃស្រពណ៍យកឈ្នះរហូត។ ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយនិងមិនគួរអោយជឿនោះ គឺទូកដែលត្រូវឡើងទទួលពានរង្វាន់លេខមួយពីព្រះមហាក្សត្រលើផែនទូកចែវនារីគឺជាទូកដៃគូប្រកួតដែលចាញ់ព្រះពៃស្រពណ៍ ៦ជើងក្នុងរយះ៣ថ្ងៃនោះទៅវិញ។ គួរកត់សំគាល់ថា ការប្រណាំងកាលពីឆ្នាំ២០១៦ ទូកព្រះពៃស្រពណ៍ ក៏ជួបរឿងដូចគ្នានឹង ឆ្នាំនេះដែរ។ តើមកពីមូលហេតុអ្វីបានជាទូកព្រះពៃស្រពណ៍ជួបរឿងដដែលបែបនេះ? ដោយ ៖ ចៅ សន