ភ្នំពេញ៖ ក្រសួង ធនធានទឹក និងឧតុនិយមជូនដំណឹងបន្ថែមស្តីពី អាកាសធាតុ ដោយបញ្ជាក់ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងកើតឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកក្កដា។
ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២២ ក្រសួង ធនធានទឹក និងឧតុនិយមបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ បានបង្ហាញឲ្យឃើញថា ដោយទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធ ទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង រួមជាមួយ និងមូសុងនិរតីបក់ខ្លាំងមកលើតំបន់មាត់សមុទ និងភាគ ខាងក្រោមកម្ពុជា ផងនោះ បានធ្វើឲ្យបណ្តាខេត្តនិងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ក្នុងនោះ នៅថ្ងៃទី១១-១៤ ខែកក្កដា តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ដែលអាចធ្វើឲ្យ ផ្នែកមួយចំនួននៅក្នុងភូមិសាស្ត្រ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ អាចជួបប្រទះនៅជំនន់ទឹកភ្លៀង ។ ទន្ទឹមនោះនៅលើផ្ទៃសមុទ្រនឹងមានភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។
អាស្រ័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាននិងបង្កើន ការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ។ ក្រសួង ធនធានទឹក និងឧតុនិយម បាននិងកំពុងតាមដានយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិហើយនិងជម្រាបជូន ជាព័ត៌មាន ជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី