Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រឹបអូស​រថយន្ត​ធុន​ដ្រា​របស់​មន្ត្រីនគរបាល ដែល​បើក​ដេញ​បុក​ប្អូនធម៌​ពាក់​មី​

spot_img

​​ភ្នំពេញ ៖ រថយន្ត​ធុន​ដ្រា ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ វ៉ា​ល់ សុវណ្ណ​មករា ហៅ​គី ដែល​ជិះ​ធ្វើ​សកម្មភាព​ដេញ​បុក​ប្អូនធម៌​ពាក់​មី​បណ្តាលឲ្យ​រងរបួស​ធ្ងន់​នោះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខណ្ឌឫស្សីកែវ​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ផ្ទះ​ជនសង្ស័យ ដែល​មាន​ទីតាំង​នៅក្នុង​បុរី​វិមាន​ភ្នំពេញ សង្កាត់​ច្រាំង​ច​ម្រះ​ទី​១ ខណ្ឌ​ឫស្សីកែវ ។

​ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា វ៉ា​ល់ សុវណ្ណ​មករា ហៅ​គី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ីស្លាម ជា​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ដែល​អះអាង​ថា គេ​ជា​មន្ត្រី​នគរបាល​ចរាច​រណ៍​នៅ​ស្នងការ​រាជធានី​ភ្នំពេញ ចំណែក​រថយន្ត​ធុន​ដ្រា ពណ៌​ស ស្លាក​លេខ​ភ្នំពេញ ២AP-០១៩៨ ដកហូត​បាន​ហើយ មក​រក្សាទុក​នៅ​នគរបាល​ខណ្ឌ​ឫស្សីកែវ ។​រីឯ​ជនសង្ស័យ​ឈ្មោះថា វ៉ា​ល់ សុវណ្ណ​មករា បាន​គេចខ្លួន​បាត់ ខណៈ​សមត្ថកិច្ច​នគរ​បាល​កំពុង​ធ្វើ​ការស្រាវជ្រាវ​ចាប់ខ្លួន​។​

​ដោយឡែក​ជនរងគ្រោះ​ឈ្មោះ សា​លី​មហ្វា​រីត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត​អាយ​ធី​ឆ្នាំ​ទី​៤ ត្រូវជា​ប្អូនធម៌​ពាក់​មី រងរបួស​ធ្ងន់​កំពុង​ព្យាបាល​នៅ​ប្រទេស​វៀតណាម ។​

​នៅ​ថ្ងៃ​ទី​១៩​ខែ​ឧសភា​នេះ នាយ​ពែ​ក​មី បាន​ចេញ​នូវ​សារ​និង​វីដេអូ​មួយ បាន​បញ្ជាក់​ពី​ទុក្ខសោក​ប្អូន​ជួប​គ្រោះថ្នាក់ ដោយ​គេ​ប៉ង​ធ្វើ​ឃាត ដោយ​នាយ បានបញ្ជាក់​ថា នៅ​យប់​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ ឃាតករ​ជិះឡាន​ដេញ​បុក​ប្អូនប្រុស​របស់​ខ្ញុំ បណ្តាល​រងរបួស​ជា​ទម្ងន់ សូម​បងប្អូន​ជួយ​ស៊ែរ​វីដេអូ​នេះ ឲ្យ​ឃាតករ បាន​ឃើញ​ផង យើងខ្ញុំ​បាន​ដាក់​ពាកក្យបណ្តឹង​ហើយ មកដល់​ថ្ងៃនេះ សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ មិនទាន់​ហៅ​ឃាតករ មក​ដោះស្រាយ​បាន​ទេ​។​

​នៅ​យប់​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨ ប្អូនប្រុស​របស់​នាយ ពែ​កមី ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បើកឡាន​ដេញ​បុក បណ្តាល​ឲ្យ​ប្អូនប្រុស​របស់​ខ្លួន​មាន​ការភ័យខ្លាច រហូត​ជិះ​ម៉ូតូ​ទៅបុក​នឹង​របង​ផ្ទះ របស់​ប្រជាពលរដ្ឋ​ក្បែរ​នោះ រហូត​ដល់​របួស​ក្បាល​ធ្ងន់ធ្ងរ​។ រយៈពេល​ជិត​១០​ថ្ងៃ​ហើយ ដែល​ប្អូនប្រុស ពែ​ក មី សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ប៉ុន្តែរ​បួស​នៅ​តែ​ធ្ងន់ធ្ងរ រហូតដល់​ថ្នាក់​ក្អួត​ចេញ​ឈាម​។​

​ដោយ​ក្តី​អស់សង្ឃឹ​មនឹង​ការព្យាបាល​របស់​មន្ទីរ​ពេទ្យ​ក្នុងស្រុក ក្រុមគ្រួសារ ក៏​សម្រេច​បញ្ជូន​ប្អូនប្រុស​របស់​ពែ​កមី ទៅ​សង្គ្រោះ​នៅ​វៀតណាម នៅ​ថ្ងៃ​ទី​១៩​ឧសភា​នេះ វេលា​ម៉ោង ១១​និង​៣០​នាទី​ថ្ងៃត្រង់​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពែ​កមី បាន​ដាក់​បណ្តឹង​ទៅ​សមត្ថកិច្ច​ក្នុង​ខណ្ឌ​ឫស្សីកែវ តាំងពី​ថ្ងៃ​កើតហេតុ ប៉ុន្តែ​រយៈពេល​ជិត ១០​ថ្ងៃ​ហើយ​នៅ​មិនទាន់​ស្វែងរក​ជនបង្ក និង​ស្វែងរក​យុត្តិធម៌​បាន​នៅឡើយ​ទេ​។​

​ឆ្លើយតប​នឹង​សារ​និង​វីដេអូ​របស់​នាយ​ពែ​ក​មី នៅ​ថ្ងៃ​ទី​១៩​ឧសភា​នេះ អធិការដ្ឋាន នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​បំភ្លឺថា “​ជំរាបជូន​លោក​ពែ​ក​មី ក៏​ដូច​សាធារណជន មេត្តា​ជូនជ្រាប​។ ចំពោះ​ករណី​ដែល​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ នឹង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បាន​កំពុង​ខិតខំ ជំរុញ​លើ​វិធានការ​ជំនាញ​ទាំង​នីតិវិធី នឹង​ប្រតិបត្តិការ តាម​ប្រសាសន៍​ដឹកនាំ និង​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សូម​ក្រុមគ្រួសារ​ជនរងគ្រោះ ក៏​ដូច​សាធារណជន មេត្តា​ផ្តល់​ទំនុកចិត្ត​លើ​សមត្ថកិច្ច​យើងខ្ញុំ​”​។​

​ក្នុងនោះ​មហាជន​មួយចំនួន​បាន​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ថា នេះ​ជា​ការសំដែង ឬ​ថតកុន​ប៉ុណ្ណោះ ប៉ុន្តែ​នាយ​ពែ​កមី បានបញ្ជាក់​ថា “​នេះ​ខ្ញុំ​ផុស​ផ្ទាល់​បងប្អូន មិន​លេងសើច​ទេ​”​។ ទោះជា​យ៉ាងណាក្តី នាយ​ពែ​ក​មី បាន​បញ្ជាក់​ប្រាប់ថា មកដល់ពេលនេះ​សមត្ថកិច្ច ខណ្ឌ​ឫស្សីកែវ មិនទាន់​ហៅ​ឃាតករ​មក​ដោះស្រាយ​បាន​ទេ ដោយ​លោក​សង្ឃឹមថា ទទួលបាន​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ចំពោះ​រឿងនេះ​។​

​ក្នុង​របាយការណ៍​របស់​នគរបាល​ខណ្ឌ​ឫស្សីកែវ ក៏​បាន​បង្ហាញ​មុខសញ្ញា​បើក​ឡាន​បុក​ជា​មន្ត្រីប៉ូលិស ស្លាក​លេខ​រថយន្ត​ធុន​ដ្រា​របស់​ជនល្មើស​ទៀតផង​។ ក្នុង​របាយការណ៍​ប៉ូលិស​បាន​បញ្ជាក់ថា នៅវេលា​ម៉ោង​៩ និង​៤២​នាទី​យប់​ថ្ងៃទី​១០ ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​បុរី​ពិភពថ្មី ផ្លូវ​លេខ​១១ ក្រុម​៤ ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​២ មាន​ករណី​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ធុន​ដ្រា បំបុក​ជនរងគ្រោះ​ម្នាក់ (​ប្អូន​លោក​ពែ​ក​មី​) បណ្តាលឱ្យ​របួសធ្ងន់ ដោយ​នគរបាល​បាន​ចោទប្រកាន់​ជនល្មើស គឺជា​ករណី​ហឹង្សា​មាន​ស្ថាន​ទម្ងន់​ទោស បើករថយន្ត​ដេញ​បុក​ជនរងគ្រោះ​។​

​របាយការណ៍​ដដែល​បាន​បន្តថា បន្ទាប់ពី​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​នគរបាល បង្ក្រាប​មិន​បាន ដោយ​ជនល្មើស​ជិះ​រថយន្ត​គេចខ្លួនបាត់ ប៉ុន្តែ​តាម​ការស្រាវជ្រាវ សមត្ថកិច្ច​នគរបាល បាន​កំណត់​មុខសញ្ញា​ជនល្មើស ឈ្មោះ វ៉ា​ល់ សុវណ្ណ​មករា ហៅ គី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​បុរី​វិមាន​ភ្នំពេញ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឫស្សីកែវ (​គេចខ្លួន​)​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សា​លីម ហ្វា​រីត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មាន​ទីលំនៅ​សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឫស្សីកែវ ។​

​របាយការណ៍​បន្តទៀត​ថា ដំបូង​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ម៉ាក​ស្មាស់ ចូល​ទៅ​ផ្ទះ​តាម​ផ្លូវ​បុរី​ពិភពថ្មី​អាងទឹក ភ្លាមៗ​នោះ ស្រាប់តែ​អ្នកបើកបរ​រថយន្ត​ម៉ាក​ធុន​ដ្រា ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2AP-0198 បាន​បើក​យ៉ាង​លឿន ដេញ​ពីក្រោយ​ម៉ូតូ​ស្មាស់ បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្មាស់ ទៅ​បុក​នឹង​របង​ទ្វា​ផ្ទះ​ប្រជាពលរដ្ឋ ដួល​តែ​ម្តង​បណ្តាលឱ្យ​របួសធ្ងន់ ហើយ​រថយន្ត​ធុន​ដ្រា ក៏​
​បាន​បើក​បត់​ស្តាំ​គេចខ្លួន​បាត់​តែ​ម្តង​។ ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​ខណ្ឌ​និង​ប៉ុស្តិ៍ ចុះ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនសង្ស័យ ដើម្បី កសាង​សំណុំរឿង​ទៅ​តុលាការ​រាជធានី ដើម្បី​អនុវត្ត​តាម​នីតិវិធី​។​

​នៅក្នុង​របាយការណ៍ កាលពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា លោក​អនុ​សេនីយ៍​ហាក់ ប៊ុនថន នាយ​ប៉ុស្តិ៍​ស្តីទី នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​២ បានបញ្ជាក់​ថា យោង​តាម​កំណត់ហេតុ​ស្តាប់​ការបំភ្លឺ​របស់​ឈ្មោះ ឌី​មេសា​ណាន់ និង​ឈ្មោះ ផាត់ ចាន់​រ័ត្ន សន្និដ្ឋានថា ឈ្មោះ វ៉ា​ល់ សុវណ្ណ​មករា ហៅ​គី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​ឥស្លាម មាន​ទីលំនៅ​ស្នាក់នៅ​បុរី​វិមាន​ភ្នំពេញ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឫស្សីកែវ ពិត​ជាតិ​បាន​ប្រព្រឹត្ត​ហឹង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស (​បើករថយន្ត​ដេញ​បុក​បណ្តាលឲ្យ​ជនរងគ្រោះ បុក​ជញ្ជាំង​របង​ទ្វារ​ផ្ទះ​រងរបួស​ធ្ងន់​) ពិតប្រាកដ​មែន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×