ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យស្ថានភាពកម្ពស់ទឹកនៅស្ពានស្ទឹងសំរោង ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉េតលេខ១១៥-១១៦ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងតាមភូមិសាស្ត្រផ្សេងៗដែលងាយរងការជនលិច បន្ទាប់ពីស្ថានភាពកម្ពស់ជំនន់ទឹកភ្លៀងហក់ឡើង ៥,៤០ម៉ែត្រ ខណៈកម្ពស់ទឹកដែលនឹងប្រកាសអាសន្ន ៥,៩០ម៉ែត្រ។
លោកឧត្តមសេនីយ៍ទោស្នងការ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នឲ្យបានខ្អស់ និងថែរក្សាសុខភាពអោយបានល្អ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ អះអាងថា អាជ្ញាធរស្រុកកំពង់សិលា ត្រៀមធ្វើការជម្លៀសប្រជាជនមួយចំនួន រស់នៅភូមិស្ទឹងសំរោង ឃុំបាក់រទេះ ទៅទីទួលសុវត្ថិភាព ។
បើការតាមការសន្និដ្ឋានរបស់អាជ្ញាធរ ស្ថានភាពទឹកឡើងនិងដល់កម្ពស់ ៥,៦០ម៉ែត្រ ទៅ៥,៧០ម៉ែត្រ និងត្រូវប្រកាសអាសន្ន ។
រីឯសភាពការណ៍ក្នុងមូលដ្ឋានអាវុធហត្ថស្រុកកំពង់សីលាវិញ នៅព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថ ស្រុកកំពង់សីលា ចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក សួន ធា មេបញ្ជាការរងស្រុក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលា ចុះពិនិត្យស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងចំណុចភូមិក្រាំងអាត់ចាស់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានប្រជាពលរដ្ឋរស់នៅចំនួន៤២ខ្នងផ្ទះ ក្នុងនោះរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣៧ខ្នងផ្ទះ (ពុំមានរងគ្រោះដល់អាយុ ជីវិតមនុស្ស ឬសត្វពាហនៈឡើយ )៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី