ព្រះសីហនុ ៖ ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅម្ដុំស្ពានស្ទឹងសំរោង ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ខណៈភ្លៀងនៅតែបន្តធ្លាក់បែបនេះ បានធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ពួកគេមួយចំនួន ប៉ុន្តែ ទោះជាយ៉ាងណា សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន កំពុងឃ្លាំមើលជាបើលាប់ដើម្បីជួយសង្គ្រោះ។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន របាយទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នានៅតាមតំបន់មួយចំនួននៃខេត្តជាប់សមុត្រ មាន កោះកុង កំពត កែបជាពិសេស ខេត្តព្រះសីហនុតែម្ដង រងទឹកភ្លៀងខ្លាំង, រហូតមកដល់ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ថានភាពកម្ពស់ទឹក នៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ នៃស្រុកកំពង់សិលា មានកម្ពស់ ៥.២០ម៉ែត្រ ខណៈភ្លៀងនៅតែកំពុងធ្លាក់ បណ្តាលឲ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួន។
មន្ត្រីជំនាញ និងសមត្ថកិច្ចដែលបានចុះពិនិត្យនៅទីនោះ បានសន្និដ្ឋានថា កម្ពស់ទឹកឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ ខណ: លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងនគរបាលចុះពិនិត្យស្ថានភាពរង់ចាំជួយអន្តរាគមន៍។
ចំណែកប្រជាពលរដ្ឋរស់នៅ ភូមិក្រាំងអាត់ចាស់ ឃុំកំពង់សីលា ប្រមាណ ៤២ខ្នងផ្ទះ រងការលិចលង់ ក្នុងនោះរងគ្រោះដោយជំនន់ទឹកភ្លៀងផ្ទាល់ ចំនួន ៣៧ខ្នងផ្ទះ តែពុំមានរងគ្រោះដល់អាយុជីវិតមនុស្ស ឬសត្វពាហនៈឡើយ។
សូមរំលឹកថា មុននេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ចាប់ពីថ្ងៃទី៦ រហូតដល់ ថ្ងៃទី១២ និងសង្កត់ធ្ងន់ថា ចាប់ពី ថ្ងៃទី១១ ដល់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសតំបន់មាត់សមុទ្រភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ សូមប្រុងប្រយ័ត្នខ្ពស់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN