Monday, November 28, 2022

ព្យុះភ្លៀង និងខ្យល់កន្ត្រាក់ បានកួចបក់នាំយកខ្សាច់សមុទ្រចេញពីឆ្នេរ មកក្រាលគ្របរាយប៉ាយលើផ្លូវក្រាលកៅស៊ូ

spot_img

ព្រះសីហនុ ៖ មិនធម្មតាទេ ព្យុះភ្លៀង និងខ្យល់កន្ត្រាក់ បានកួចបក់នាំយកខ្សាច់សមុទ្រឱ្យមកក្រាលគ្របរាយប៉ាយពីលើឆ្នេរ និងលើផ្លូវក្រាលស៊ូ ដែលស្ថិតនៅឆ្ងាយពីមាត់សមុទ្រប្រមាណជាង ៣០ម៉ែត្រ បណ្ដាលឱ្យពិបាកក្នុងការធ្វើដំណើរ ដែលហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ គឺភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ បានកួច និងបោកបក់យ៉ាងខ្លាំងនាំយកខ្សាច់ជាច្រើនម៉ែត្រគូបមកគ្រប់ដណ្តប់លើឆ្នេរ លើផ្លូវ និងសួនច្បារតាមបណ្ដោយឆ្នេរអូរត្រេះ ដែលមើលទៅសិនមិនគួរឲ្យជឿ។

ប៉ុន្មានម៉ោងក្រោយមក មន្ត្រីអាជ្ញាធរក្រុងព្រះសីហនុ និងកងកម្លាំងពាក់ព័ន្ធផ្សេងៗ ព្រមទាំងសហការពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ កម្លាំងសម្អាតអនាម័យក្រុង, ក្រុមការងារទាំងអស់នេះ ក៏បានយកគ្រឿងឈូសឆាយ កៀរកើបខ្សាច់សមុទ្រចេញ ធ្វើការសម្អាតឡើងវិញយ៉ាងមមារញឹក ដើម្បីជួយសម្រួលដល់ការធ្វើចរាចណ៍របស់ប្រជាពលរដ្ឋងាយស្រួលដូចដើមវិញ។

លោក បុរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានចុះពិនិត្យដល់ទីតាំង និងចាត់ចែងឱ្យក្រុមការងារសម្អាត កើបខ្សាច់ចេញឱ្យបានស្អាតឡើងវិញ។

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានណែនាំដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើផ្លូវ ត្រូវមានការប្រុងប្រយ័ត្នដោយសារបច្ចុប្បន្ននៅតាមបណ្ដោយផ្លូវឆ្នេរអូរត្រេះ មានខ្សាច់នៅលើផ្លូវសួនច្បារអាចបណ្ដាលឱ្យការធ្វើដំណើរមានការលំបាក និងប្រុងប្រយ័ត្នចំពោះរលកសមុទ្រផងដែរ វាអាចនឹងបក់បោកចេញពីមាត់ឆ្នេររហូតមកដល់លើផ្លូវជាយថាហេតុណាមួយដោយសារខ្យល់កន្ត្រាក់, ក្នុងហេតុការណ៍នេះ មិនមានរបាយការណ៍បញ្ជាក់អំពីមនុស្សណាម្នាក់រងគ្រោះនោះទេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN