ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មាន ដោយពន្យល់ពីតួនាទី និងក្រមសីលធម៌ របស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការចូលរួមសង្កេតការណ៍ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើងនៅខែកក្កដាខាងមុខនេះ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះបានឱ្យដឹងថា ក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត មានគោលបំណងកំណត់វិធានការសំខាន់ៗ ឱ្យអង្គការមិនមែនរដ្ឋាភិបាល សមាគម និងអ្នកសង្កេតការណ៍បោះឆ្នោត អនុវត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយជំហរអព្យាក្រឹត មិនសម្អៀង ដើម្បីធានាឱ្យបាន៖កិច្ចសង្កេតការណ៍បោះឆ្នោត ត្រូវធ្វើឡើងដោយសុចរិតភាព និងតម្លាភាព និងអ្នកសង្កេតការណ៍បោះឆ្នោត បំពេញការងារដោយពុំមានការជ្រៀតជ្រែក៕ ដោយ៖បញ្ញាស័ក្តិ