ប៉ៃលិន ៖ ភ្លៀងមូយមេលាយឡំនិងខ្យល់កន្ត្រាក់ បង្កឲ្យមានផ្គររន្ទះបា.ញ់ទៅលើសត្វគោចំនួន០៤ក្បាល បណ្តាលឱ្យងា.ប់នៅនឹងកន្លែង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៣ និង១៥នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីនគរបាលនៃអធិការស្រុកសាលាក្រៅ បានឱ្យដឹងថា ម្ចាស់សត្វគោមានឈ្មោះ ឆែម ប្រុក ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅក្នុងភូមិខាងលើ បានរងគ្រោះ ដោយសារសត្វគោងាប់ចំនួន០៤ ក្បាល ។
ចំណែកម្ចាស់សត្វខាងលើ បានរៀបរាប់ទាំងទឹកភ្នែក ឱ្យដឹងថា គាត់បានខិតខំប្រឹងប្រែងសន្សំថវិកា យកទៅទិញគោមេ១ក្បាល និងគោឈ្មោល១ក្បាល កាលពីប៉ុន្មានឆ្នាំមុន លុះមេគោកើតកូនមកជាបន្តបន្ទាប់ សរុបទាំងអស់បានចំនួន៤ក្បាល ដែលធ្វើឱ្យគាត់សប្បាយរីករាយ ក្នុងថែទាំសត្វគោទាំងអស់នេះ ដោយមិនគិតពីភាពនឿយហត់នោះឡើយ ព្រោះសង្ឃឹមថា នៅពេលមានការខ្វះខាត គាត់នឹងលក់សត្វគោមួយចំនួន យកថវិកា សម្រាប់ផ្គត់ផ្គង់ជីវភាព។ គាត់រៀបរាប់ទាំងអួលដើមក ទៀតថា ជារៀងរាល់ថ្ងៃ គាត់ដឹកសត្វគោយកទៅចងឱ្យស៊ីស្មៅ នៅតាមដីចម្ការអ្នកភូមិដូចធម្មតា ទោះបីជាពេលខ្លះមាន ភ្លៀងធ្លាក់ខ្លាំង ពេលខ្លះទៀតមានភ្លៀងរលឹមតិចៗ ក៏មិនមានបញ្ហាអ្វីនោះដែរ លុះដល់រសៀលថ្ងៃកើតហេតុ ស្រាប់តែមានភ្លៀងលាយផ្គររន្ទះបា.ញ់ ទៅលើសត្វគោរបស់គាត់ បណ្តាលឱ្យងាប់អស់រលីងតែម្តង។
ជាមួយគ្នានេះដែរ នគរបាលអធិការស្រុកសាលាក្រៅ ក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមានសត្វគោ ក្របី យកទៅឃ្វាលនៅតាមវាលស្រែ សូមមានការប្រុងប្រយ័ត្នខ្ពស់ អំពីបាតុភូតធម្មជាតិ ដែលកើតឡើងយូរៗម្តង បង្កជារន្ទះ ធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាដើម។ ហើយត្រូវរកកន្លែង ជ្រកឱ្យបានត្រឹមត្រូវ ពេលមានករណីភ្លៀងធ្លាក់ម្តងៗ៕ រក្សាសិទ្ធិដោយ ៖ សួង សាម