ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ឱ្យអនុវត្ត “ ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍” ។ ក្រោយពី “ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍” ត្រូវបានចុះហត្ថលេខា ប្រតិបត្តិករទូរគមនាគមន៍មាន រយៈពេល ១០ (ដប់) ខែ ដើម្បីកែលំអ និង ពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន ។ក្នុងករណីប្រតិបត្តិករទូរគមនាគមន៍ណាមិនអនុវត្តតាមស្តង់ដារអប្បបរមាដែលបាន កំណត់ក្នុងប្រកាសនេះទេ ប្រតិបត្តិករទូរគមនាគមន៍នោះនឹងត្រូវទទួលរងពិន័យ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូន ប្រតិបត្តិករទូរគមនាគមន៍ សាធារណជន និងភាគីពាក់ព័ន្ធ ទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. បានចាត់ទុកការពង្រឹងគុណភាពសេវាទូរគមនាគមន៍ គឺជា កិច្ចការ អាទិភាពបំផុត និងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការ ស្វែងរក មធ្យោបាយ និងដំណោះស្រាយនានា សំដៅបង្កើន គុណភាពសេវាទូរសព្ទចល័តនិងអ៊ីនធឺណិត និងលើកកម្ពស់ការ ការពារសិទ្ធិរបស់ អ្នកប្រើប្រាស់ ដោយសារ តែគុណភាពសេវាទូរគមនាគមន៍បច្ចុប្បន្ន នៅមានកម្រិតនៅឡើយ ។

ក្នុងរយៈពេលជាង ១ ឆ្នាំ កន្លងមកនេះ ក.ប.ទ. បានចាត់តាំង ក្រុមការងារ នីតិកម្មនិង ក្រុមការងារ បច្ចេកទេស ឱ្យធ្វើការសិក្សា ស្វែងយល់ អំពី លិខិតបទដ្ឋានគតិយុត្ត និងស្តង់ដារ ទូរគមនាគមន៍ របស់ បណ្តា ប្រទេស មួយ ចំនួនក្នុង តំបន់ និង ស្ថាប័ន ទូរគមនាគមន៍ អន្តរជាតិ ព្រមទាំងធ្វើការពិគ្រោះយោបល់ ជាមួយ និយ័តករទូរគមនាគមន៍ ក្នុង តំបន់ អ្នកជំនាញការជាតិ និងអន្តរជាតិ ដើម្បីរៀបចំសេចក្តីព្រាង “ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍” ក្នុងការ កំណត់ បទដ្ឋានបច្ចេកទេស ជាក់លាក់ដែល ត្រូវអនុវត្តជាកាតព្វកិច្ចសម្រាប់ ប្រតិបត្តិករទូរគមនាគមន៍ សំដៅពង្រឹងគុណភាពសេវានិងបណ្តាញទូរគមនាគមន៍របស់ខ្លួន ក៏ដូចជា ដើម្បី ចូលរួមការពារនិងធានា ផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវា ទូរគមនាគមន៍ប្រកបដោយគុណភាពស្របតាមទឹកប្រាក់ ដែលបានបង់។
ទន្ទឹមនឹងនេះដែរ ក.ប.ទ. ក៏បានធ្វើការពិគ្រោះយោបល់ ជាមួយ ប្រតិបត្តិករទូរគមនាគមន៍ ដើម្បី ទទួលបាន នូវ ធាតុចូលបន្ថែម និង ផ្លាស់ប្តូរយោបល់គ្នា ដើម្បីឱ្យ ការអនុវត្ត ប្រកាសនេះ មានភាពរលូន នាពេលខាងមុខ ពីព្រោះ ការពង្រឹង គុណភាព សេវា ទូរសព្ទចល័ត នឹងត្រូវការពេលវេលាច្រើនក្នុងការដោះស្រាយ ដែល ក.ប.ទ. និងនិយ័តករទូរគមនាគមន៍ កម្ពុជា (ន.ទ.ក.) ត្រូវជួយ សម្របសម្រួល និងគាំទ្រ ដល់ ប្រតិបត្តិករទូរគមនាគមន៍ ក្នុងការរៀបចំឱ្យបានច្បាស់លាស់ នូវផែនការ នៃ ការ កែលំអ គុណភាពសេវា ទូរគមនាគមន៍។
ក្រោយពី “ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍” ត្រូវបានចុះហត្ថលេខា ប្រតិបត្តិករទូរគមនាគមន៍មាន រយៈពេល ១០ (ដប់) ខែ ដើម្បី កែលំអ និង ពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន ដោយអនុលោមតាមសូចនាករគុណផលគន្លឹះដូចមានចែងក្នុងប្រកាសនេះ។ ក្នុងករណីប្រតិបត្តិករទូរគមនាគមន៍ណាមិនអនុវត្តតាមស្តង់ដារអប្បបរមាដែលបាន កំណត់ក្នុងប្រកាសនេះទេ ប្រតិបត្តិករទូរគមនាគមន៍នោះនឹងត្រូវទទួលរងពិន័យ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





