ភ្នំពេញៈ ម្ចាស់ស្ថានីយប្រេងឥន្ទនៈនៅខេត្តកណ្តាលមួយចំនួនបានចោទប្រកាន់លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល (ក.ប.ប) ខេត្តកណ្ដាល នឹងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធករណីគាបសង្កត់ពួកគាត់យកលុយពីពួកគាត់ដោយក្នុងមួយកន្លែងយកលុយចាប់ពី ២លានរៀល ទៅ ១០លានរៀល។ ការជំរិតទារប្រាក់នេះ គឺធ្វើឡើងនៅពេលមន្ត្រីកាំកុងត្រូលចុះពិនិត្យគុណភាព បរិមាណរង្វាស់រង្វាល់.ប្រេងសាំង តាមបណ្ដាហ្គារ៉ាស់សាំងនានា។ ហើយការទារលុយនេះ ដោយក្រោមរូបភាពម្ចាស់ស្ថានីយប្រេងឥន្ទនៈ បន្លំគុណភាពពីសាំងធម្មតា.មកជាសាំងស៊ុបពែរ លក់ខ្វះបរិមាណរង្វាស់រង្វាល់ចំនួនលីត្រជាដើម។ល។

ម្ចាស់ស្ថានីយប្រេងឥន្ទនៈបានឲ្យដឹងថា បើពួកគាត់មិនព្រមបង់លុយក្រោមតុតាមការទាមទារនោះទេ មន្ត្រីកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល នឹងធ្វើការផាកពិន័យអស់ច្រើនចាប់ពី ១០លានរៀល ទៅ ២០លានរៀលឯណោះ ឬបិទស្ថានីយប្រេងឥន្ទនៈ របស់ខ្លួន លែងឱ្យលក់ដូរទៀតផង។ ហើយបើពួកគាត់មិនព្រមអនុវត្តតាមការបង្គាប់បញ្ជា ក្រុមមន្ត្រីនិងបញ្ជូនសំណុំរឿងទៅតុលាការមិនខាន។
ម្ចាស់ស្ថានីយប្រេងឥន្ទនៈចំនួន ៤២ទីតាំង ក្នុងភូមិសាស្ត្រខេត្តកណ្ដាល បាននាំគ្នាផ្ដិតមេដៃប្ដឹងលោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល និងបក្ខពួក ទៅអង្គភាពប្រឆាំងអំពើពុករលួយ។
នៅក្នុងពាក្យបណ្ដឹងបានបញ្ជាក់ថា ការចុះពិនិត្យគុណភាពនិងរង្វាស់រង្វាល់ប្រេងសាំង តាមបណ្ដាស្ថានីយប្រេងឥន្ទនៈ ពីសំណាក់មន្ត្រីកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល កាលពីកន្លងមកគឺជាការគាបសង្កត់ លើកយកកំហុសរបស់ម្ចាស់ស្ថានីយប្រេងឥន្ទនៈ មកបំភិត.បំភ័យសំឡុតដើម្បីកំណត់យកលុយក្រៅប្រព័ន្ធច្បាប់ បានរាប់លានរៀលក្នុងមួយកន្លែងៗ បណ្ដាលឱ្យប៉ះពាល់សតិអារម្មណ៍ អាជីវករ ជាខ្លាំង!។ ក្នុងនោះ ភាគច្រើនគេកំណត់ឱ្យម្ចាស់ស្ថានីយប្រេងឥន្ទនៈ ប្រគល់លុយជូនមន្ត្រីកាំកុងត្រូល ដោយស្ងាត់ៗ មិនមានឯកសារ វិក្កយបត្រ ផាកពិន័យពោលគឺហុចផ្ទាល់ដៃតែម្ដង។ខណៈម្ចាស់ស្ថានីយប្រេងឥន្ទនៈខ្លះទៀត ក៍បានផ្ញើលុយជូនលោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាលតាម«វីង»និង«ABA»ទៀតផង។

ទាក់ទងការចោទប្រកាន់ខាងលើនេះ លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល បានបដិសេធចំពោះការចោទប្រកាន់ខាងលើនេះ។ ដោយលោកអះអាងថា លុយដែលលោកទទួលពីម្ចាស់ស្ថានីយប្រេងឥន្ទនៈ គឺជាលុយពិន័យទាំងអស់។
ចំពោះករណីនេះ ម្ចាស់ស្ថានីយប្រេងឥន្ទនៈ បានទទូចឲ្យអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាម៉ី គួរមានចំណាត់ការលើលោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល និងមន្ត្រីពាក់ព័ន្ធមួយចំនួនដើម្បីកុំឲ្យប្រព្រឹត្តអំពើពុករលួយ៕ រក្សាសិទ្ធិដោយ : CEN



