ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោយពី «ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍» នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ គឺត្រូវការរយៈពេល ១០ខែ ដើម្បីកែលំអ និងពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន ក្នុងការកំណត់បទដ្ឋានបច្ចេកទេស ជាក់លាក់ដែលត្រូវអនុវត្តជាកាតព្វកិច្ច ការពារ និងធានាផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាទូរគមនាគមន៍ ប្រកបដោយគុណភាព។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ដោយសារតែគុណភាពសេវាទូរគមនាគមន៍បច្ចុប្បន្ន នៅមានកម្រិតនៅឡើយ ដូច្នេះ ខ្លួនបានចាត់ទុកការពង្រឹងគុណភាពសេវាទូរគមនាគមន៍នេះ គឺជាកិច្ចការអាទិភាពបំផុត និងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការស្វែងរកមធ្យោបាយ និងដំណោះស្រាយនានា សំដៅបង្កើនគុណភាពសេវាទូរសព្ទចល័ត និងអ៊ីនធឺណិត និងលើកកម្ពស់ការការពារសិទ្ធិរបស់អ្នកប្រើប្រាស់។

ទន្ទឹមនឹងការពង្រឹងគុណភាពសេវាទូរគមនាគមន៍នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានធ្វើការពិគ្រោះយោបល់ជាមួយប្រតិបត្តិករទូរគមនាគមន៍ ដើម្បីទទួលបាននូវធាតុចូលបន្ថែម និងផ្លាស់ប្តូរយោបល់គ្នា ដើម្បីឱ្យការអនុវត្តការពង្រឹងគុណភាពនេះ មានភាពរលូននាពេលខាងមុខ ពីព្រោះការពង្រឹងគុណភាពសេវាទូរសព្ទចល័ត នឹងត្រូវការពេលវេលាច្រើនក្នុងការដោះស្រាយ ដែល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ត្រូវជួយសម្របសម្រួល និងគាំទ្រដល់ប្រតិបត្តិករទូរគមនាគមន៍ ក្នុងការរៀបចំឱ្យបានច្បាស់លាស់នូវផែនការនៃការកែលំអគុណភាព។
ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មី ដូចជា ចំការដូង, កួរស្រូវ , កំបូល , ឈូកវ៉ា និងអ្នកនៅតំបន់ផ្សេងៗទៀតបាន និយាយរិះគន់ថា អបអរសាទរចំពោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលប្រកាសថា ពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែទូលំទូលាយ, ប៉ុន្តែសូមមន្ត្រីជំនាញក្រសួង អញ្ជើញចុះទៅពិនិត្យមើលតំបន់ដូចបានរៀបរាប់ខាងលើ គឺ ក្នុងបុរីពិភពថ្មី ដូចជា ចំការដូង, កួរស្រូវ , កំបូល , ឈូកវ៉ា និងកន្លែងមួយចំនួនទៀត មិនមានសេវានោះទេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









