ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុករយៈពេល៣ថ្ងៃ បានបញ្ចប់ទៅដោយចុងក្រោយ បានបន្សល់ទុកនូវបរិមាណសំរាមជាង៨០០០តោន ជាពិសេសនៅតំបន់ខណ្ឌទាំង៤ ដែលជាទីតាំងប្រារព្ធពិធី តែត្រូវបានរដ្ឋបាលរាជធានីភ្នំពេញប្រមូលនិងដឹកចេញអស់នៅព្រឹកថ្ងៃទី៥វិច្ឆិកា បើតាមការឲ្យដឹងពីមន្ត្រីទីចាត់ការគ្រប់គ្រងសំណល់រាជធានីភ្នំពេញ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី៥វិច្ឆិកាឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញដោយមានការចូលរួមពីមន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ,អាជ្ញាធរដែនដីខណ្ឌពាក់ពន្ធ័,ក្រុមកាយរិទ្ធិ,ក្រុមយុវជន,មន្ទីរជុំវិញរដ្ឋបាលរាជធានីភ្នំពេញ,កងរាជអាវុធហត្ថខណ្ឌដូនពេញ,ក្រុមហ៊ុនស៊ីនទ្រី ដែលដឹកនាំធ្វើសកម្មភាពដោយលោក នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ បានចូលរួមបោសសំរាម និងលាងសំអាតតាមសួនច្បារនានា ជាពិសេសសួនច្បារមុខវត្តបទុមវត្តី ,សួនវិមានឯករាជ្យ នាគបាញ់ទឹក,សួនមុខព្រះបរមរាជវាំង,សួនសម្តេចតេជោហ៊ុនសែន និងសួនមាត់ទន្លេជាដើមដើម្បីលើកកំពស់សោភ័ណភាពតាមសួនច្បារ ទីរមណីយដ្ឋាននានាឡើងវិញក្រោយព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ។
ក្នុងនោះលោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា៖បុណ្យអុំទូកឆ្នាំនេះ សួនច្បាររបស់យើងមានការខូចខាតតិចតួចបើប្រៀបធៀបទៅនឹងឆ្នាំ២០១៦។តាមសួនច្បារនានាអង្គភាពសួនច្បារបានចងខ្សែព័ទ្ធហាមមិនអោយមានការលក់ដូរលើសួន,ឬដើរជាន់ស្មៅ.ផ្កា។តាមការវាយតំលៃពីក្រុមមន្ត្រីឲ្យដឹងថា៖ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ មានប្រជាពលរដ្ឋមកលេងបុណ្យថ្ងៃទី១ជាង៦០ម៉ឺននាក់,ថ្ងៃទី២ ជាង១លាននាក់ និងថ្ងៃទី៣ជាង១លាន៥សែននាក់។
តែទោះបីជាយ៉ាងណាអាស្រ័យដោយមានការរៀបចំម៉ត់ចត់ពីរដ្ឋបាលរាជធានីភ្នំពេញ,ការដាក់ធុងសំរាម,កញ្ឆេដាក់សំរាមយ៉ាងច្រើនតាមទីតាំងប្រារព្វពិធី,ការអប់រំផ្សព្វផ្សាយត្រូវបានធ្វើឡើងជាប្រចាំ និងការអប់រំតាមតូបលក់ដូរ គួបផ្សំនឹងការយល់ដឹងពីប្រជាពលរដ្ឋ ធ្វើឱ្យសណ្តាប់ធ្នាប់ និងបរិស្ថានក្នុងព្រះរាជពិធីបុណ្យមានលក្ខណៈល្អប្រសើរជាងឆ្នាំមុន។កំលាំងបុគ្គលិក កម្មករដែលបានបំពេញការងារក្នុងការប្រមូលសំរាមក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះសរុបមានប្រមាណ១ពាន់នាក់ដោយបានបែងចែកជា២វេនគឺទី១៖ចាប់ពីម៉ោង៥ព្រឹកដល់ម៉ោង១៦រសៀល,និងវេនយប់ចាប់អនុវត្តពីម៉ោង១យប់ដល់ម៉ោង៥ភ្លឺរួមជាមួយរថយន្ត និងរទេះដឹកសំរាមជាច្រើនគ្រឿង។
លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ពិធីបុណ្យអុំទូកឆ្នាំបានរៀបចំលក្ខណៈល្អប្រសើរក្នុងនាមម្ចាស់ផ្ទះសំរាប់ព្រះរាជពិធីបុណ្យដែលធ្វើឲ្យពិធីបុណ្យ៣ថ្ងៃនេះបាន បញ្ចប់ទៅប្រកបដោយក្តីសប្បាយរីករាយ និងប្រកបដោយមោទនះភាពក្នុងសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី៕ ដោយ៖កូឡាប