កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមានកងកម្លាំងនគរបាល កងរាជអាវុធហត្ថ អាជ្ញាធរស្រុក ដើម្បីចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៩ និង៤០ ដើម្បីសម្រួលចរាចរណ៍ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមកដែលទឹកកំពុងហូរកាត់។
ឯកឧត្តម សាន់ យូ បានឲ្យដឹងថា ផ្លូវនៅចន្លោះគីឡូម៉ែត្រ ៣៩- ៤០ ចំណុចស្ពានក្រាំងពន្លៃ ដែលត្រូវជំនន់ទឹកភ្លៀងហូរកាត់ផ្លូវ នៅក្នុងភូមិសាស្ត្រព្រំប្រទល់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយសារទឹកជំនន់ហូរច្រោះដាច់ដីនិងស្ពានមួយកន្លែងប្រមាណជា ៣០-៤០ម៉ែត្រ រងចាំស្ថានភាពទឹកស្រក នឹងធ្វើការជួសជុលឡើងវិញ។
ឯកឧត្តម សាន់ យូ បានបញ្ជាក់ទៀតថាៈដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ឯកឧត្តមបានស្នើសុំ គម្រោងជប៉ុន ធ្វើផ្លូវវាង ដែលជាផ្លូវថ្មីទើបនឹងស្ថាបនារួច សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកតាមផ្លូវជាតិលេខ ៥ នៅចន្លោះគីឡូម៉ែត្រ ៣៩- ៤០ ចំណុចស្ពានក្រាំងពន្លៃ អាចធ្វើដំណើរតាមផ្លូវវាងបានវិញហើយ។ ចំពោះផ្លូវទឹកហូរច្រោះដល់ពេលទឹកស្រកនឹងធ្វើការជួសជុលឡើងវិញ៕ រក្សាសិទ្ធិដោយ៖ ចាន់ ភឿន