ខេត្តព្រះវិហារ៖ តំណាងក្រុមហ៊ុន បន្ទាយស្រី ដែលទទួលបានសិទ្ធិក្នុងការម៉ៅការធ្វើផ្លូវមួយខ្សែ ចាប់ពីស្រុកត្បែងមានជ័យ ទៅស្រុកជ័យសែន ខេត្តព្រះវិហារ ត្រូវបានគេប្តឹងរឿងជំពាក់ប្រាក់ និងចេញសែកស្អុយសរុបជាង៦ម៉ឺនដុល្លារ ពាក់ព័ន្ធនឹងការទិញថ្មយកទៅក្រាលផ្លូវ។
ជនរងគ្រោះដែលរងនូវការឆបោកខាងលើនេះ គឺលោក ម៉ក់ ស៊ុនហេង អាយុ៦៦ឆ្នាំ រស់នៅភូមិគោកបេង សង្កាត់ប្រណាក ក្រុង-ខេត្តព្រះវិហារ។ លោក ម៉ក់ ស៊ុនហេង បានដាក់ពាក្យបណ្តឹង ទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ដោយប្តឹងឈ្មោះ ឈឹម រតនៈសុវណ្ណា ដោយចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងរំលោភលើសេចក្តិទុកចិត្ត» ដែលប្រព្រឹត្តទៅនៅភូមិទំនបន់ សង្កាត់ប៉ាហាល ក្រុង-ខេត្តព្រះវិហារ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះអ្នកព័ត៌មានយើងបានព្យាយាមអោយមានការបំភ្លឺពីខាងតំណាងក្រុមហ៊ុន បន្ទាយស្រី ផងដែរ តែមិនអាចទំនាក់ទំនងបាន៕ ដោយ៖បញ្ញាស័ក្តិ