ស្ត្រីវ័យក្មេង ៣ នាក់ ក្នុងនោះមានក្មេងស្រីជំទង់២នាក់ បានរងរបួសបាក់ឆ្អឹងច្រើនកន្លែង បន្ទាប់ពីបានធ្លាក់ពីលើស្ពានកម្ពស់ ៣០ ហ្វីត (៩ ម៉ែត្រ) ខណៈពួកគេកំពុងថតរូប selfie ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅស្ពានអាចបំរើឲ្យផ្លូវរថភ្លើងមួយ ឆ្លងកាត់លើទន្លេ Cais នៅភាគឦសាននៃរដ្ឋ Castelo do Piaui ប្រទេសប្រេស៊ីល ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ផ្នែកម្ខាងនៃស្ពាននោះ ស្រាប់តែបាក់ស្រុតចុះភ្លាមៗ នៅពេលដែលនារីវ័យក្មេងមួយក្រុម កំពុងនាំគ្នាថតរូប selfie យ៉ាងរីករាយ ។
នារីអាយុ ២២ ឆ្នាំ និងក្មេងស្រីជំទង់២នាក់អាយុចន្លោះពី ១៥ ទៅ ១៦ ឆ្នាំ បានធ្លាក់ពីលើស្ពានកម្ពស់ ១០ ម៉ែត្រ និងរងរបួសបាក់ឆ្អឹងច្រើនកន្លែង ។
អាជ្ញាធរក្នុងតំបន់បានបញ្ចេញរូបថតរបស់ក្មេងស្រីទាំង៣នាក់ រួមជាមួយមិត្តភក្តិទី៤ម្នាក់ទៀត ដែលថតនៅកន្លែងកើតហេតុក្នុងថ្ងៃនោះមុនពេលឧបទ្ទវហេតុកើតឡើង ។
មន្ត្រីប៉ូលីសឈ្មោះ Marcelo Freitas បានប្រាប់អ្នកសារព័ត៌មានថា៖ «ស្ពាននោះឆ្លងកាត់លើទន្លេ Cais នេះ ត្រូវបានដាក់ឲ្យប្រើប្រាស់សម្រាប់ផ្លូវរថភ្លើង ប៉ុន្តែ ស្ថិតនៅក្នុងស្ថានភាពទ្រុឌទ្រោមយូរមកហើយ» ។
ក្មេងស្រីរងគ្រោះទាំងនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបឋមនៅគ្លីនិកក្បែរនោះ មុនពេលដឹកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ Teresina ។
ក្មេងស្រី២នាក់បានរងរបួសបាក់ជើងទាំងសងខាង ខណៈម្នាក់ទៀតជើងបាក់ជើងឆ្វេង ។
អាជ្ញាធរមូលដ្ឋានបាននិយាយថា ស្ពាននេះគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលសហព័ន្ធ ហើយវាកំពុងរង់ចាំការឆ្លើយតបពីក្រសួងដឹកជញ្ជូន ដើម្បីធ្វើការជួសជុល ៕ ចន្ទី