ភ្នំពេញ៖ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ រដ្ឋសភាបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៤ ដែលរាជរដ្ឋាភិបាលបានស្នើសុំរដ្ឋសភាអនុម័តមកពិនិត្យ និងសិក្សា មុននឹងឈានដល់ការដាក់ឬមិនដាក់ជូនរដ្ឋសភាពិភាក្សា និងអនុម័តនេះ។
ក្រៅពីការទទួលយកសេចក្តីព្រាងច្បាប់ចំនួន៤នោះហើយ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បានអនុម័តលើសេចក្តីសម្រេចស្តីពីក្រមសីលធម៌អ្នកតំណាងរាស្ត្រផងដែរ។ ក្រមសីលធម៌អ្នកតំណាងរាស្ត្រដែល តាក់តែងឡើងដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារតំណារាស្ត្រ ក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ចំនួន៤ ដែលរដ្ឋសភាទទួលយកមកពិនិត្យ និងសិក្សានោះ មានសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេច ប្រគល់ដល់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវិញ។
សេចក្តីព្រាងច្បាប់មួយទៀត គឺសេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍សម្រេចប្រគល់ដល់ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។
សេចក្តីព្រាងទី៣ ដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រគល់ទៅឲ្យគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើ របាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ គឺសេចក្តីព្រាច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ។
ចំពោះសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចប្រគល់ដល់ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ៕ ដោយ៖បញ្ញាស័ក្តិ
នេះជាសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨៖