Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​រក្សាបាន​កំណើនសេដ្ឋកិច្ច ៥,៦​ភាគរយ នៅ​ឆ្នាំ​២០១៨-២០១៩

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​សហការ​ជាមួយ​មូលនិធិ​រូបិវត្ថុ​អន្តរជាតិ (IMF) រៀបចំ​សិក្ខាសាលា​ស្ដីពី ទស្សនវិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក – វេលា​ល្អ​, វេលា​មិន​ច្បាស់លាស់ ពេល​ដែល​ត្រូវ​ត្រៀមលក្ខណៈ ដើម្បី​បង្កើន​ការ​យល់​ដឹង​ឲ្យ​កាន់តែ​ទូលំទូលាយ ពី​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​តំបន់ នា​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។​

​ចំ​សិក្ខាសាលា​ធ្វើឡើង ក្រោម​អធិបតីភាព​លោកស្រី នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង និង​វត្តមាន​របស់​លោកស្រី Yong Sarah Zhou តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា និង​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញ​មកពី​ក្រសួង​-​ស្ថាប័ន​រាជរដ្ឋាភិបាល គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ដៃគូ​អភិវឌ្ឍន៍​នានា សរុប​ប្រមាណ ១០០​នាក់​។​

​ខ្លឹមសារ​នៃ​សិក្ខាសាលា​នេះ​បានបង្ហាញ​ថា តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​រក្សាបាន​កំណើនសេដ្ឋកិច្ច ៥,៦​ភាគរយ នៅ​ឆ្នាំ​២០១៨-២០១៩ ដែល​ជា​កម្រិត​ខ្ពស់​ធៀប​នឹង​តំបន់​ដទៃ និង​បាន​រួមចំណែក​ប្រមាណ​ពីរភាគបី​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ស្របពេល​ដែល​អតិផរណា​បន្ត​មាន​កម្រិត​ទាប​។​

​ទោះយ៉ាងណា តំបន់​នេះ​ក៏​កំពុង​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​មួយ​ចំនួន រួមមាន​៖ ប្រក្រតី​កម្ម​គោលនយោបាយ​រូបិយវត្ថុ ទស្សនវិស័យ​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ ឥទ្ធិពល​នៃ​កំណែទម្រង់​សារពើពន្ធ​របស់​សហរដ្ឋអាមេរិក និង ហានិភ័យ​ផ្សេងៗ​ទៀត​ដូចជា បញ្ហា​ភូមិសាស្ត្រ​នយោបាយ និង​គ្រោះ​ធម្មជាតិ​ជាដើម​។​

​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យមាន​ភាព​ធន់ និង​កំណើន​រឹងមាំ អ្នករៀបចំ​គោលនយោបាយ​ត្រូវ​យកចិត្តទុកដាក់​លើ​៖ គោលនយោបាយ​សារពើពន្ធ​គួរ​ផ្តោត​លើ​ការកសាង​លំហ​សារពើពន្ធ គោលនយោបាយ​រូបិយវត្ថុ​គួរ​មាន​ភាពម៉ឺងម៉ាត់ គោលនយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន​កាន់តែ​មាន​សារសំខាន់​នៅក្នុង​សេដ្ឋកិច្ច និង​គោលនយោបាយ​រចនាសម្ព័ន្ធ​គួរ​ត្រូវ​បាន​អនុវត្ត​ដើម្បី​ដោះស្រាយ​បញ្ហា​អសកម្ម​នានា​។

​ជារួម សិក្ខាសាលា​នេះ​បាន​ផ្តល់​ជា​វេទិកា​ពិភាក្សា​ពី​ទស្សនវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ឥទ្ធិពល​មកលើ​កម្ពុជា រវាង​ភាគី​ពាក់ព័ន្ធ​ទាំង​ក្នុង​វិស័យ​ឯកជន​និង​វិស័យ​សារ​ធា​រណៈ ដើម្បី​បង្កើន​ការ​យល់​ដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ​ពី​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ផ្តល់​ជា​ធាតុ​ចូលទៅ​ក្នុង​ការរៀបចំ​គោលនយោបាយ​នានា សម្រាប់​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ប្រកបដោយ​ចីរភាព​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×