Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហព័ន្ធអារ៉ាប់រួមអេមីរ៉ាត បញ្ជាក់ថា មានបំណងចង់វិនិយោគនាំចេញអង្ករកម្ពុជា និងដំណាំកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ

spot_img

ភ្នំពេញ ៖ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក អាប់ឌុលណាស្សឺ អាល់ សាអាឡៃ (Abdulnasser Al Shaali) ឧបការីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ សហព័ន្ធអារ៉ាប់រួមអេមីរ៉ាត នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅឯការិយាល័យរបស់លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ផ្ទាល់ នៅរាជធានីភ្នំពេញ, លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រាប់ក្រុមអ្នកយកព័ត៌មានថា ជំនួបនេះក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហព័ន្ធអារ៉ាប់រួមអេមីរ៉ាត ជាពិសេសផ្ដោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។

លោក អាប់ឌុលណាស្សឺ អាល់ សាអាឡៃ ឧបការីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ សហព័ន្ធអារ៉ាប់រួមអេមីរ៉ាត ដែលត្រូវមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញផងនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងឲ្យដឹងថាកន្លងមក លោកតែងតែផ្ដល់កិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ក៏ដូចជាតែងតែផ្តល់ជំនួយមនុស្សធម៌ កសាងសាលារៀន មន្ទីរពេទ្យ វិហារឥស្លាម និងផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា ដែលនេះបង្ហាញពីទឹកចិត្តដ៏ធំធេងរបស់ សហព័ន្ធអារ៉ាប់រួមអេមីរ៉ាត ក្នុងការចូលរួមអភិវឌ្ឍន៍កម្ពុជា, ហើយពេលនេះ សហព័ន្ធអារ៉ាប់រួមអេមីរ៉ាត កំពុងជំរុញការគាំទ្រដល់កម្ពុជាឲ្យក្លាយជា សមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម OIC។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងប្រាប់ដល់សហព័ន្ធអារ៉ាប់រួមអេមីរ៉ាត ថា សូមធ្វើយ៉ាងណាជំរុញវិនិយោគិន ពាណិជ្ជកររបស់ខ្លួន ឱ្យមកវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ពីព្រោះកម្ពុជា ជាប្រទេសមួយដែលសម្បូរទៅដោយវត្ថុធាតុដើម ហើយជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ជានិច្ចចំពោះការវិនិយោគរបស់បរទេសនៅកម្ពុជា។ លើសពីនេះទៅទៀត កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ទាំងនេះជាឱកាសដ៏ប្រសើរ ដើម្បីធ្វើការវិនិយោគ ហើយទទួលបានផលចំណេញច្រើន។

ជាកិច្ចឆ្លើយតប លោក អាប់ឌុលណាស្សឺ អាល់ សាអាឡៃ បញ្ជាក់ប្រាប់ថា សហព័ន្ធអារ៉ាប់រួមអេមីរ៉ាត ពិតជាចាប់អារម្មណ៍សប្បាយរីករាយ ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-សហព័ន្ធអារ៉ាប់រួមអេមីរ៉ាត ជាពិសេសកម្ពុជា បានដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយវិបត្តិសន្តិសុខស្បៀងអាហារ នៅសហព័ន្ធអារ៉ាប់រួមអេមីរ៉ាត។ លោកបានបន្តថា សហព័ន្ធអារ៉ាប់រួមអេមីរ៉ាត មានបំណងចង់បង្កើនកិច្ចវិនិយោគជាមួយកម្ពុជាក្នុងការនាំចេញអង្ករកម្ពុជា និងដំណាំកសិកម្ម ទៅកាន់ទីផ្សារនៃប្រទេសរបស់់លោក ក៏ដូចជាទីផ្សារអន្តរជាតិផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×