Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក កំពុងតែតាមដានសកម្មភាពសមយុទ្ធយោធាចិន

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ មន្រ្ដីជាន់ខ្ពស់សហរដ្ឋអាមេរិក បានអះអាងថា ខ្លួន កំពុងតែតាមដានយ៉ាងយកចិត្ដទុកដាក់បំផុត លើសកម្មភាពធ្វើសមយុទ្ធយោធារបស់ចិន នៅជុំវិញកោះតៃវ៉ាន់ ខណៈកំពុងតែឡើងកម្ដៅ ក្រោយប្រធានសភា លោកស្រី ណានស៊ី ផែឡូស៊ី ទៅកាន់ទីក្រុងតៃប៉ិ។

សារព័ត៌មាន The Guardian បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៥ ខែសីហា ថា លោក ចន ឃើរប៊ី (John Kirby) អ្នកសម្របសម្រួលទំនាក់ទំនងយុទ្ធសាស្រ្ដរបស់ក្រុមប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុត លើសកម្មភាពសមយុទ្ធយោធារបស់ចិន នៅជិតប្រទេសជប៉ុន។

លោក ចន ឃើរប៊ី (John Kirby) បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ MSNBC កាលពីថ្ងៃព្រហស្បតិ៍ ថា «យើងកំពុងតែតាមដានរឿងនេះយ៉ាងដិតដល់ ព្រោះវាកំពុងតែកើតឡើង មិនត្រឹមតែទាក់ទងនឹងយើងប៉ុណ្ណោះទេ ប៉ុន្តែវាទាក់ទងនឹងប្រជាជនតៃវ៉ាន់ ហើយសម្ព័ន្ធមិត្តរបស់យើង នៅក្នុងតំបន់ ជាពិសេស ប្រទេសជប៉ុន ថែមទៀតផង។

សហរដ្ឋអាមេរិក និង ជប៉ុន កាលពីថ្ងៃសុក្រ បានប្ដេជ្ញាចិត្តកៀកស្មាគ្នាការពារសន្ដិសុខ និង ស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ ខណៈចិនកំពុងតែធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក ដោយមានទាំងបាញ់មីស៊ីល ចំនួន៥គ្រាប់ ធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន ថែមទៀតផង។

ក្រុងតូក្យូ និង វ៉ាស៊ីនតោន បានចុះកិច្ចព្រមព្រៀងនេះឡើង ខណៈលោកស្រី ណានស៊ី ផែឡូស៊ី (Nancy Pelosi) ប្រធានសភាសហរដ្ឋអាមេរិក ជួបជាមួយនឹងលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន នៅក្នុងវិមានរដ្ឋាភិបាល។

លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានសង្កត់ធ្ងន់ថា «ខ្ញុំបានជម្រាបជូនដល់លោកស្រី ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក ថា ការបាញ់ផ្លោងគ្រាប់មីស៊ីលរបស់កងទ័ពរំដោះប្រជាជនចិន បានធ្លាក់ នៅជិតដែនទឹករបស់ជប៉ុន រួមទាំងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) របស់ខ្លួនថែមទៀតផង។ សកម្មភាពយោធារបស់ចិន កំពុងតែគំរាមកំហែងដល់សុវត្ថិភាព និង សន្តិសុខជាតិរបស់យើង ហើយជប៉ុន សូមថ្កោលទោសយ៉ាងដាច់អហង្ការ ជុំវិញសកម្មភាពយោធានេះ»។

លោកនាយករដ្ឋមន្រ្ដីជប៉ុន បានបន្ដថា «យើងបានបញ្ជាក់ អំពីការបន្តនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ នៅក្នុងការថែរក្សាសន្តិភាព និង ស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ ព្រោះវាជាផ្លូវទឹកដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនទៅកាន់ពិភពលោក»។

ក្រុងតូក្យូ និង ក្រុងប៉េកាំង បានផ្ទុះឡើងនូវភាពតានតឹងដាក់គ្នា កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហា ក្រោយពេលចិនបានលុបចោលនូវកិច្ចប្រជុំ រវាងរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសទាំង២ គ្រោងនឹងធ្វើឡើង នៅខាងក្រៅកិច្ចប្រជុំអាស៊ាន។ ការសម្រេចចិត្តរបស់ក្រុងប៉េកាំង បានកើតឡើង ក៏ដោយសារតែការមិនពេញចិត្តនឹងសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ជុំវិញបញ្ហាកោះតៃវ៉ាន់៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×