តាម RT ប្រធានាធីបតីអាមេរិក Donald Trump នៅថ្ងៃទី៥ ខែវិច្ឆិកា ម្សិលមិញនេះ បានធ្វើដំណើរទៅកាន់ជប៉ុន ចាប់ផ្តើមដំណើរទស្សនៈកិច្ចផ្លូវការដំបូងទៅកាន់ទ្វីបអាស៊ី។ ពេលនៅលើយន្តហោះពិសេសរបស់ខ្លួនលោក Trump បានផ្តើមមតិថា ៖ មិនយូរប៉ុន្មានទៀតទេ កូរ៉េខាងជើងអាចត្រូវបញ្ចូលឈ្មោះក្នុងបញ្ជីបណ្ត្រាទេសគាំទ្រដល់ភេរវកម្ម។
ប្រធានាធិបតីអាមេរិក Donald Trump
លោក Trump ពោល ៖ “យើងនឹងដាក់ឈ្មោះការសម្រេចចិត្តនេះ ក្នុងពេលឆាប់ៗ។ ម្ចាស់សេតវិមានរូបនេះនិយាយថា កូរ៉េខាងជើងជា “បញ្ហាធំ” ចំពោះអាមេរិក និងពិភពលោក តែប្រជាជនកូរ៉េខាងជើងពិតជា “មនុស្សអស្ចារ្យណាស់”។
លោកឲ្យដឹងបន្ថែម ៖ “ពួកគេកក់ក្តៅច្រើនជាងប្រៀបទៅនឹងអ្វីៗដែលពិភពលោកដឹងនិងយល់នោះ ។ ពួកគេជាមនុស្សអស្ចារ្យ។ ខ្ញុំសង្ឃឹមថា រឿងរ៉ាវគ្រប់យ៉ាងនឹងល្អប្រសើរចំពោះយើងទាំងអស់គ្នា”។
ប៉ុន្តែក្រោយមក ពេលទៅទស្សនាមូលដ្ឋានយោធានៅ Yokota ជប៉ុន លោក Trump បានបង្ហាញនូវអាកប្បកិរិយារឹងមាំជាងមុន។ លោកព្រមានថា “គ្មាននរណាគប្បីមើលស្រាលការសម្រេចចិត្តរបស់អាមេរិកទេ!”។
ចាកចេញពី Yokota ប្រធានាធិបតី Trump នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe និងលេងហ្គោលជាមួយគ្នា ហើយបន្តទៅជួបជាមួយពលរដ្ឋជប៉ុន ត្រូវកូរ៉េខាងជើងចាប់ជំរិត ហើយបន្តចូលសម្តែងការគួរសមជាមួយមហាក្សត្រជប៉ុន នៅវិមាន Akasaka ៕ ដោយ ៖ សូយន