Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលជូនគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២»

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ‍‍”ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២” ជូនដល់គ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប នៅទីស្ដីការ គ.ជ.ប ក្រោមអធិបតីភាព ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប កាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ។

នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដម ម៉ុក ដារ៉ា បានថ្លែងថា អនុលោមតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងសេចក្តីសម្រេចលេខ ២៧៦ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ត្រូវចាប់ផ្ដើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ដោយឡែក ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ទូទាំងប្រទេស ត្រូវអនុវត្តចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ។

ឯកឧត្ដម បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក អ្នកដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥) អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ ឬទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវ មានសិទ្ធិស្នើសុំចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាក់ស្ដែង ។

ឯកឧត្ដមអគ្គលេខាធិការរង បានគូសបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ គ.ជ.ប បានចេញសេចក្ដីណែនាំលេខ ០៥២ គ.ជ.ប.ស.ណ.ន ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ដីពីការដាក់ឱ្យដំណើរការកម្មវិធីផ្លាស់ប្ដូរឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាពតាមប្រព័ន្ធអ៊ីនធឺណិត ចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលប្រើប្រាស់ឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាពដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) មានលទ្ធភាពធ្វើការផ្លាស់ប្ដូរឯកសារចុះឈ្មោះបោះឆ្នោតរបស់ខ្លួនបានងាយស្រួល ទាន់ពេលវេលា និងមានបច្ចុប្បន្នភាព នៅលើគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន voterlist.nec.gov.kh ។

ឯកឧត្ដម ក៏បានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះការបង្ហាត់បង្រៀននៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ទាំងផ្នែកទ្រឹស្តី និងបច្ចេកទេស និងសូមឱ្យគ្រូបង្ហាត់ គ.ជ.ប ចាត់ចែងការងារបង្ហាត់បង្រៀនបន្តឱ្យបានល្អតាមកម្មវិធីដែលបានកំណត់ តាមនិយាមគរុកោសល្យ រួមផ្សំនឹងបទពិសោធន៍ល្អៗដែលបានអនុវត្តនាពេលកន្លងមក ។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដោយមានសិក្ខាកាមជាគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ចូលរួមសរុបប្រមាណ ៦០ នាក់ ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×