Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះសង្ឃ ៣​អង្គ ត្រូវបាន​តែងតាំង​ព្រះ​បរម​ងារ ជា​សម្តេច​សង្ឃ​

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ស្រោចស្រព​ព្រះ​សុគន្ធវារី​ប្រគេន​សម្តេចព្រះ​កិត្តិយស ៣​ព្រះអង្គ នៃ​គណៈ​មហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ពិតជា​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​ផ្នែក​ព្រះពុទ្ធសាសនា​ដែល​មាន​ការរីកចម្រើន​នាពេលនេះ​។ សម្តេច​តេជោ បាន​អរ​ព្រះ​គុណ​ចំពោះ​ព្រះអង្គ​ទាំង​២​គណៈ​ដែល​បាន​ចូលរួម ចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ និង​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​។​

សម្តេចព្រះ​កិត្តិយស ទាំង​៣​អង្គ ដែល​នឹង​ប្រកាស​តែងតាំង និង​ស្រោចស្រព​ព្រះ​សុគន្ធវារី​នៅ​ព្រឹក​នេះ​រួមមាន​៖ សម្តេចព្រះឧត្តម​មុនី ជា សំអាង សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន និង​សម្តេច​ព្រះ​សាក្យ​មុនី រ័ត្ន សារឿ​ន​។ ពិធី​នេះ ក៏​នឹង​មាន​ការយាង​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​សម្តេច​ព្រះ​សង្ឃនាយក សម្តេចព្រះ​សង្ឃនាយករ​ង ព្រះ​អនុគណ​ក្នុង​រាជធានី​ភ្នំពេញ និង​គ្រប់​ខេត្ត ព្រមទាំង​មន្ត្រី​នៃ​រាជ រដ្ឋាភិបាល ជាច្រើន​ទៀរ​ផងដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍រំ​លឹ​ក​ពី​វិស័យ​ព្រះពុទ្ធសាសនា​ដែល​ពី​អតីតកាល​បាន​ទទួលរង​នូវ​ភាព​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម ជាពិសេស​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ដែល​ពេលនោះ ទី​អារាម​ជាច្រើន​ត្រូវបាន​បំផ្លាញចោល​ស្ទើ​គ្រប់​ទីកន្លែង​។ ប៉ុន្តែ​ក្រោយ​ឆ្នាំ​១៩៧៩ វិស័យ​សាសនា​នេះ ត្រូវ​បាន​ស្តារ និង​ងើប​ឡើងវិញ​បន្តិច​ម្តងៗ​រហូត​មាន​ការរីកចម្រើន​ដូច​សព្វថ្ងៃនេះ​។

បច្ចុប្បន្ន​កម្ពុជា មាន​វត្ត​អារាម​ប្រមាណ​ជាង ៤០០០​វត្ត និង​មាន​ព្រះសង្ឃ​គង់​នៅ​ប្រមាណ​ជាង ៦០០០០​អង្គ ផងដែរ​។ វិស័យ​ពុទ្ធចក្រ ពិតជា​បាន​ចូលរួម​ផ្សារភ្ជាប់ និង​វិស័យ​អាណាចក្រ​ដែល​វិស័យ​នេះ​ទាំង​ពីរ បាន​ផ្តល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។ វត្ត​អារាម​ក៏​ជា​កន្លែង បណ្តុះបណ្តាល​នូវ​ចំណេះដឹង និង​ជា​កន្លែង​អប់រំ​ទូន្មាន​ប្រៀនប្រដៅ ដល់​ព្រះសង្ឃ និង​សិស្ស​ផងដែរ​។ ជាក់ស្តែង​ដូច​ជា​វត្ត​បទុម​វ​តី នេះ​ផ្ទាល់​ក៏​មាន​សិស្ស​និស្សិត​ស្នាក់នៅ​ដើម្បី​បន្ត​ការរៀនសូត្រ​ប្រមាណ ៣៧៤​នាក់​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ព្រះសង្ឃ​ទាំង​៣ អង្គ ដែល​ត្រូវបាន​ទទួល​ព្រះ​បរម​ងារ​ជា​សម្តេច​សង្ឃ​នាពេល​នេះ​ដែល​នេះ​ពិតជា​សក្តិសម​ទៅនឹង​ការខិតខំ​ប្រឹងប្រែង​របស់​ព្រះអង្គ​ក្នុង​សកម្មភា​ពព្រះពុទ្ធ​សាសនា​កន្លងមក​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ថា ការ​ដែល​រៀបចំ​ឲ្យមាន​ទង់​សាសនា តាម​បាវចនា​នេះ គឺជា​ការរួមចំណែក​រំ​លឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យបាន​ដឹង​ថា កម្ពុជា​រស់នៅ​ក្រោម​ម្លប់ ព្រះពុទ្ធសាសនា​។ តាមរយៈ ការរៀបចំ​អាសនៈ សម្រាប់​ព្រះសង្ឃ​គង់ ក្នុង​ពិធី​ផ្សេងៗ ឲ្យ​ខ្ពស់​ជាង​ពុទ្ធបរិស័ទ ក៏​ដូចជា​ការរៀបចំឲ្យ មាន​ទង់សាសនា​នៅ​កន្លែង​រៀបចំ​បាវចនា​ជាតិ​គឺ ជាការ​រួមចំណែក​លើក​តម្កើន​វិស័យ​ព្រះពុទ្ធសាសនា ឲ្យ​កាន់តែ​រីកចម្រើន​ផងដែរ​។​

​នា​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ប្រគេន និង​ជូនអំណោយ​ជា​ថវិកា​មួយចំនួន​ដល់ ព្រះសង្ឃ និង​យាយជី​តាជី​ដែល​បាន​និមន្ត និង​ចូលរួម​ក្នុង​ពិធី​ផងដែរ​។ បន្ទាប់មក សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត បានប្រគល់​ព្រះ​ធ​ម្មន​សក្តិ​ព្រះ​គេ​ន​ដល់​សង្ឃ​ទាំង​៣​អង្គ​។​

​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បានព្រគេន​ពរ និង​ជូនពរ​ដល់ ព្រះសង្ឃ យាយជី​តាជី និង​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន ។​

​មុន​នឹង​បញ្ចប់​ក៏​មាន​ពិធី​ដង្ហែ​ព្រះសង្ឃ​ទាំង​៣​អង្គ ចំនួន​៣​ជុំ​ធ្វើដំណើរ​មក​កាន់​បុស្បុក ដើម្បី​ទទួល​ស្រោចស្រព​ព្រះ​គន្ធា​វារី ពី​សម្តេច​សង្ឃនាយក និង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន រួម​ជាមួយ​មន្ត្រី​សង្ឃ មន្ត្រីជាន់ខ្ពស់​របស់​រា​ជ​រដ្ឋាភិបាល​ជាច្រើន​រូប​ទៀត ដើម្បី​ទទួលបាន​នូវ​សេចក្តីសុខ​ចម្រើន និង​ទទួល​ព្រះ​បរម​ងារ​ជា​សម្តេច​សង្ឃ ចាប់ពី​ពេលនេះ​តទៅ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×