ភ្នំពេញ ៖ បាក់សំយ៉ាបអគារនៅផ្សារទំនើបម៉ាក្រូ បណ្តាលឱ្យធ្លាក់សង្កត់លើបុគ្គលិកម្នាក់រងរបួសធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១១ ទីតាំងនៅខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
ករណីនេះកើតឡើងដោយការធ្វេសប្រហែស គឺមានរថយន្តកុងតៃន័រមួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3B-1981 របស់ក្រុមហ៊ុនផែស្ងួត តេងឡាយ បើកចូលផ្សារទំនើបម៉ាក្រូ ដើម្បីដាក់ឥវ៉ាន់ ហើយជ្រុលទាក់ដំបូលសំយ៉ាប អគារ បណ្តាលឲ្យបាក់ធ្លាក់សង្កត់លើបុគ្គលិកម្នាក់រងរបួសធ្ងន់ធ្ងរ ។ បន្ទាប់ពីកើតហេតុ ក្រុមអ្នកសារព័ត៌មានផ្តិតយករូបភាព ប៉ុន្តែត្រូវអ្នកគ្រប់គ្រងផ្សារ គំរាមឲ្យអ្នកសារព័ត៌មាន លុបរូបភាពចោលឲ្យអស់ ។
ជនរងគ្រោះ ឈ្មោះ សុខ កាន ភេទប្រុស អាយុជាង៥០ឆ្នាំ របួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។
អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ ៕ ដោយ៖បញ្ញាស័ក្តិ