Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ជាប់ពាក់ព័ន្ធនឹងការចុះកិច្ចព្រមព្រៀងជាមួយ មេដឹកនាំជនជាតិភាគតិចវៀតណាម ឈ្មោះ កុក ស ក្នុងការប្រគល់ខេត្តខ្មែរ ចំនួន ៤ ឱ្យទៅជនជាតិភាគតិចម៉ុងតាញ៉ា

spot_img

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីពីថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២២ បានធ្វើការជំនុំជម្រះ កំបាំងមុខ ទណ្ឌិត ឈ្មោះ សម រង្ស៊ី ជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងការចុះកិច្ចព្រមព្រៀង ជាមួយ ឈ្មោះ កុក ស ជាមេដឹកនាំជនជាតិដើមភាគតិចម៉ុងតាញ៉ា និង ដោយបានព្រមព្រៀង កាត់ដីខ្មែរចំនួន៤ ខេត្ត រួមមាន: ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ឱ្យក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម និង ផ្តល់ស្វយ័តភាពដល់ក្រុមជនជាតិនេះក្នុងការគ្រប់គ្រងនិងចាត់ចែង ប្រសិនបើ គណបក្សសង្គ្រោះជាតិនឹងបានឈ្នះការបោះឆ្នោត នៅក្នុងឆ្នាំ ២០១៣ និង បានដឹកនាំប្រទេសជាតិ។

លោក ស៊ីន សុវណ្ណរ័ត្ន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងថា នៅក្នុងអង្គសវនាការថា: នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទ ឈ្មោះ សមរង្ស៊ី ភេទ ប្រុស អាយុ ៧២ ឆ្នាំ ត្រូវបាន តំណាងអយ្យការចោទប្រកាន់ពីបទ: «ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក» តាមបញ្ញត្តិមាត្រា ២៧ និងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ។

(យោងតាមបទចោទប្រកាន់ និង បញ្ញាតិមាត្រាខាងលើនេះ , ជនជាប់ចោទ ឈ្មោះ សម រង្ស៊ីអាចប្រឈមនឹងការជាប់គុក អស់មួយជីវិត ប្រសិនបើ តុលាការរកឃើញ ពីរុទ្ធភាព ដូចការចោទប្រកាន់។)

លោកចៅក្រមសុវណ្ណរ័ត្ន បានថ្លែង បញ្ជាក់ថា: ចំពោះអង្គហេតុ ដែលបណ្តាលឲ្យមានការចោទប្រកាន់ ជនជាប់ចោទ ឈ្មោះ សម រង្ស៊ី ខាងលើនេះ គឺ ជាប់ទាក់ទងទៅនឹង ជនជាប់ចោទ សម រង្ស៊ី បានចុះកិច្ចព្រមព្រៀង ជាមួយឈ្មោះ កុក សរ ជាមេដឹកនាំ ជនជាតិភាគតិច ម៉ុងតាញ៉ា កាលពីថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៣ នៅសហរដ្ឋអាមេរិច ដែលព្រមព្រៀងនោះ បានយល់ព្រម កាត់ដីខ្មែចំនួន៤ខេត្ត នៅភាគឥសាន្តប្រទេស អោយទៅ ក្រុមជនជាតិភាគតិច ម៉ុងតាញ៉ា ដែលរស់នៅក្នុងក្នុងប្រទេសវៀតណាម ធ្វើជាកម្មសិទ្ធិស្របច្បាប់ ប្រសិនបើ ជនជាប់ចោទ គាត់ សម រង្ស៊ី ឬ គណបក្សសង្គ្រោះជាតិ បានឈ្នះការបោះឆ្នោតឆ្នោត នៅឆ្នាំ ២០១៣ និង បានដឹកនាំ ប្រទេសជាតិ នៅឆ្នាំ ២០១៣។

លោកចៅក្រមបានបន្ថែមថា: ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ, ជនជាប់ចោទ សម រង្ស៊ី ក៏បានទទួលស្គាល់ផងដែរ តាមរយៈការធ្វើបទសម្ភាសន៍របស់គាត់ជាហូរហែរ នៅក្នុងឆ្នាំ ២០១៨ជាមួយ វិទ្យុអាស៊ីសេរី (RFA) វិទ្យុបារាំង ឈ្មោះ RFI និង បណ្តាសារព័ត៌មាន នៅក្នុងស្រុកចំនួនទៀត ថា: គាត់ពិតជាបានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងនោះមែន បន្ទាប់ពីខ្លឹមសារ នៃ កិច្ចព្រមព្រៀង និង រូបភាពរបស់គាត់ និង ឈ្មោះ កុក ស ត្រូវបានបែកធ្លាយ និង ផ្សព្វផ្សាយ តាមហ្វេសប៊ុក (Facebook)
និង វិដេអូឃ្លីប យូធូប នោះ។

នាពេលសវនាការ, តំណាងអយ្យការ លោកប្លង់ សុផល បានថ្លែងថា: ទង្វើរបស់ជនជាប់ចោទ ឈ្មោះ សមរង្ស៊ី ដែលបានចុះកិច្ចព្រមព្រៀង និង យល់ព្រម កាត់ទឹកដីខ្មែរ ចំនួន៤ខេត្ត អោយឱ្យទៅជនជាតិភាគតិច ម៉ុងតាញ៉ ខាងលើនេះ គស្មើនឹងអំពើក្បត់ជាតិខ្មែរ និង បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាន និង ដែលជាបទល្មើសឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ មិនអាចអត់ឱនទោស ឬ លើកលែងបាន នោះឡើយ។

លោកព្រះរាជអាជ្ញារងសុផល បានស្នើសុំដល់ ចៅក្រមប្រឹក្សាជំនុំជម្រះ សម្រេចផ្តន្ទាទោស ជនជាប់ចោទ សម រង្ស៊ី ដាក់ទោស អោយធ្ងន់ធន់ ជាអតិបរមា នៃទោស និង មិនគួរ មានស្ថានសម្រាលទោស ណាមួយឡើយ ចំពោះ ជនជនចោទ ឈ្មោះ សម រង្ស៊ីនេះ ។

ក៏ប៉ុន្តែ លោកយ៉ុង ផានិត ដែលជាមេធាវីចាត់តាំងការពារក្តីឱ្យលោកសម រង្ស៊ី បានច្រានចោលចំពោះការចោទ ប្រកាន់កូនក្តី អំពីសំណាក់ តំណាងអយ្យការ និង តុលាការ និង បានអះអាងថា: ពុំមានធាតុផ្សំ នៃ បទល្មើស ដើម្បីដាក់បន្ទុក ឬ ចោទប្រកាន់ថា: កូនក្តីរបស់លោក បានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើនោះទេ។

លោកមេធាវីផានិត បានថ្លែងថា: នៅក្នុងសំណុំរឿងក្តីនេះ ទោះបីជាកូនក្តីរបស់លោក សម រង្ស៊ី បានចុះកិច្ចព្រមព្រៀងជាមួយ មេដឹកនាំម៉ុងតាញ៉ា ឈ្មោះ កុក ស
កាលពីឆ្នាំ ២០១៣ នោះ ក៏មែនពិត និង បានទទួលស្គាល់ អំពីការចុះកិច្ចព្រមព្រៀងនោះ ក៏ដោយ តែកូនក្តីលោក នៅមិនមែនពិរុទ្ធនោះទេ ពីព្រោះ កិច្ចព្រមព្រៀងនោះ វាគ្រាន់តែជាការស្រមើស្រមៃមួយ ឬ ជាគម្រោងមួយតែ ប៉ុណ្ណោះ ហើយ កិច្ចព្រមព្រៀងនោះ ក៏ពុំត្រូវបានអនុវត្តអ្វីទាំងអស់ផងដែរ ពីព្រោះ អតីត:គណបក្សសង្គ្រោះជាតិ នៅពេលនោះ មិនបានឈ្នះការបោះឆ្នោត នៅឆ្នាំ ២០១៣ ដូចការរំពឹងទុកនោះទេ ហើយ គណបក្សនេះ ក៏ពុំបានដឹកនាំ ប្រទេសជាតិ ផងដែរ។

លោកមេធាវីផានិតបានថ្លែងបន្តថា: ម្យ៉ាងវិញទៀត ចារី (កូនក្តីរបស់លោក) ក៏មិនទាន់បានប្រព្រឹត្តបទល្មើសអ្វីទាំងអស់ ហើយខេត្តខ្មែរទាំង៤នោះ ក៏ នៅជារបស់ខ្លួនដដែល ពុំមានបាត់បង់ ទៅណា ហើយជនជាតិភាគតិចវៀតណាម ឈ្មោះម៉ុងតាញ៉ានោះ ក៏មិនមែនជារដ្ឋ ឬ ជាភ្នាក់ងារ នៃ រដ្ឋអធិបតេយ្យណាមួយ ដូចបានកំណត់ដោយមាត្រា ៤៤០ នៃ ក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានយកមកធ្វើការចោទប្រកាន់ កូនក្តីរបស់លោកនៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ផងដែរ។

លោកមេធាវីផានិត បានសំណូមដល់ចៅក្រមប្រឹក្សាជំនុំជម្រះ មេត្តា សម្រេចឱ្យកូនក្តីរបស់លោក ឈ្មោះ សម រង្ស៊ី បានរួចផុត ពីការចោទប្រកាន់ ខាងលើ។
សំណុំរឿងក្តីព្រហ្មទណ្ឌនេះ, សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសវនាការ ទៅធ្វើ នៅព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២ ( ខែក្រោយ)៕រក្សាសិទ្ធិដោយ: ចន្ទា ភា

spot_img
×