Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស សុខា ជួបប្រជុំពិភាក្សាការងារ ជាមួយប្រតិភូអង្គការការីតាស ប្រចាំកម្ពុជា

spot_img

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាននាថ្ងៃនេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូអង្គការការីតាសប្រចាំកម្ពុជា ស្តីពី”វឌ្ឍនភាពគម្រោងសាងសង់សាលាបៃតង ដំណាក់កាល ៣ឆ្នាំបន្ទាប់” នៅអគ្គនាយកដ្ឋានកីឡា និងតាមប្រព័ន្ធ Zoom ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៣២ឆ្នាំកន្លងមកនេះ យើងអាចវាយតម្លៃបានថាអង្គការការីតាសប្រចាំកម្ពុជា ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់ដំណាក់កាល តាមរយៈការគាំទ្រគម្រោង និងអនុវត្តសកម្មភាពនានា បម្រើឱ្យវិស័យអប់រំ សុខាភិបាល សង្គមកិច្ច បរិស្ថាន ដូចជាការប្រែប្រួលអាកាសធាតុ ជំនួយសង្គ្រោះបន្ទាន់ គម្រោងសេវាសុខភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងពន្ធនាគារ ចំនួន ៧ នៅទូទាំងប្រទេស ។

ឯកឧត្តម ស សុខា បានលើកឡើងដែរថា បើយោងតាមរបាយការណ៍របស់អង្គការការីតាស ប្រចាំកម្ពុជា ក្នុងរយៈពេល ១៨ខែ អនុវត្តដោយអង្គការការីតាស និងដៃគូអភិវឌ្ឍនានា បន្ទាប់ពីការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងអង្គការការីតាសស្វីស ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកែលម្អរសាលា ទាំង ៤៥សាលា ក្នុងខេត្តបន្ទាយមានជ័យ សម្រេចលទ្ធផលសំខាន់ៗ ចំនួន ៣ ៖ ទី១. ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យសម្រាប់សាលារៀនគោលដៅទាំង៤៥ ។ ទី២. បានជ្រើសរើសដៃគូ សម្រាប់អនុវត្តវិធីសាស្រ្តសាលាបៃតង និងទី៣. បណ្តុះបណ្តាលគ្រូបង្គោលស្តីពីទស្សនទានសមាសភាពសាលាបៃតង ឱ្យទៅជាសាលាបៃតង និងជាគំរូមួយ ដោយអនុលោមតាមផែនការយុទ្ធសាស្រ្តអប់រំជាតិ កម្មវិធីទឹកស្អាត អនាម័យល្អ បរិស្ថានស្អាត និងគោលការណ៍ណែនាំអនុវត្តលក្ខខណ្ឌអប្បបរមាស្តីពីទឹកស្អាត និងអនាម័យតាមសាលារៀន ព្រមទាំងពង្រីកសកម្មភាពទាំងនេះនៅទូទាំងប្រទេស ទៅតាមដំណាក់កាលៗ ដោយផ្តើមចេញ និងយកគំរូពីសាលាបៃតង នៃខេត្តបន្ទាយមានជ័យ ។ ក្នុងរយៈពេលពីខែកក្កដា ឆ្នាំ២០២០ ដល់ខែមេសា ឆ្នាំ២០២៣ អង្គការការីតាស ប្រចាំកម្ពុជា គ្រោងចំណាយថវិកាជិត ២លានដុល្លារអាមេរិក ជួយដល់សាលាគោលដៅទាំង ៤៥សាលា នៅខេត្តបន្ទាយមានជ័យ ។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការការីតាស ប្រចាំកម្ពុជា ដែលបានជួយលើគម្រោងសាលាបៃតង ចំនួន ៤៥ នៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាគម្រោងផ្សេងៗទៀត ដល់កម្ពុជាទាំងមូល៕ រក្សាសិទ្ធិដោយ៖មួង សុវណ្ណារិទ្ឋ

spot_img
×