Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់ទឹកភ្លៀង បានវាយលុកធ្វើឲ្យខូចខាតតិចតួចដល់ ខេត្តចំនួន ១៦ និងអាចធ្ងន់ធ្ងរជាងនេះ បើតាមការព្យាករណ៍

ភ្នំពេញ ៖ ស្ថានភាពទឹកភ្លៀងដែលធ្លាក់រាយប៉ាយជាបន្តបន្ទាប់ បានបណ្ដាលលិចលង់ជាបណ្ដើរៗ នៅតាមតំបន់ដងទន្លេភាគពាយព្យ ភាគឦសាន និងមួយផ្នែកទៀតនៅតំបន់ទំនាបកណ្ដាល, សរុបទៅ ភូមដ្ឋានប្រជាពលរដ្ឋ នាពេលនេះ កំពុងទទួលរងជំនន់ទឹកភ្លៀងចំនួន ១៦ ខេត្ត, ក្រៅពីការបង្កឱ្យជន់លិចនៅតាមតំបន់ទំនាប និងទីប្រជុំជនហើយនោះ ក្នុងរយៈពេលនេះ ក៏បង្កឲ្យមានផលប៉ះពាល់ ខូចខាតផ្ទះសំបែង ដំណាំស្រូវ និងដំណាំគួបផ្សំ ព្រមទាំងប៉ះពាល់ខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។

ការខូចខាតដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្តចំនួន ១៦ នេះ ត្រូវបានបង្ហាញដោយ លោកទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។

ជំនន់ទឹកភ្លៀងវាយប្រហារទាំង ១៦ខេត្តនោះ រួមមាន ខេត្តត្បូងឃ្មុំ, ព្រះសីហនុ, កំពត, កោះកុង, កែប, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ធំ, សៀមរាប , ក្រចេះ, បន្ទាយមានជ័យ, ព្រះវិហារ, ឧត្តរមានជ័យ, មណ្ឌលគិរី និងខេត្តរតនគិរី។

ការខូចខាតលើវិស័យសង្គម, ពិនិត្យឃើញមាន ផ្ទះដែលត្រូវទឹកលិចមានប្រមាណ ១៥០០ខ្នង ក្នុងនោះក៏មានការខូចខាតចំនួន ៤៥ខ្នង, វត្តលិចទឹក ៤កន្លែង, សាលារៀនលិចទឹក ៤កន្លែង។ ផលប៉ះពាល់ប្រជាជន ពិនិត្យឃើញមានចំនួន ២៧០៨គ្រួសារ ស្មើនឹង ៤៩៧០នាក់, ប្រជាជនជម្លៀសចេញពីកន្លែងទឹកលិច មានប្រមាណ ២៧៧គ្រួសារ នៅខេត្តរតនគិរី។

ការខូចខាតលើវិស័យកសិកម្ម, តាមការពិនិត្យជាមួយក្រសួងកសិកម្ម ដំណាំស្រូវដែលប៉ះពាល់នៅទូទាំងប្រទេសនេះ ប្រមាណជា ៤ម៉ឺនហិកតា , យើងបាននិងកំពុងពិនិត្យបន្តទៅទៀត ព្រោះថា ទឹកជំនន់នៅមិនទាន់ស្រកអស់វិញនៅឡើយទេ ហើយលទ្ធផល នៃការខូចខាតជាក់ស្តែង គឺយើងកំពុងធ្វើការតាមដាន និងវាយតម្លៃបន្ដ។

ស្ថានភាពគ្រោះទឹកជំនន់ដោយរបាយទឹកភ្លៀងនេះ លោកទេសរដ្ឋមន្ដ្រី គន់ គីម បានគូសបញ្ជាក់ថា តាមការវាយតម្លៃអំពីស្ថានភាពជន់លិចនៅតាមបណ្ដាខេត្តទាំងអស់ គិតមកដល់ត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ គឺពុំទាន់មានសភាពធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្តែយោងតាមស្ថានភាព ធាតុអាកាសដែលត្រូវបានព្យាករណ៍ដោយក្រសួងជំនាញ បើរយៈពេលពីរខែទៅមុខទៀត ស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ក្នុងបរិមាណតិច ទៅច្រើននៅទូទាំងប្រទេសនោះ វាកាន់តែងាយនឹងបង្កឲ្យមានជំនន់ទឹកភ្លៀងកើតមានកាន់តែខ្លាំងនៅតាមភូមិសាស្ត្រទំនាបជាច្រើន ហើយនឹងអាចមានផលប៉ះពាល់ និងខូចខាតកាន់តែធ្ងន់ជាងពេលនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×