ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាអភិបាលរងខេត្ត លោកសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកតំណាងប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្តស្វាយរៀង កងកម្លាំងប្រដាប់អាវុធទាំងអស់ និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានសហការចូលរួមរៀបចំ និងការពារសន្តិសុខសុវត្ថិភាពយ៉ាងល្អប្រសើរ ទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រនៅតាមតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងក្រុងបាវិត ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ៖
ទី១-ត្រូវបន្តបន្តខិតខំអនុវត្តតួនាទី ភារកិច្ចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានកាន់តែល្អប្រសើរថែមទៀត ។
ទី២-អាជ្ញាធរក្រុងស្វាយរៀង ត្រូវពិនិត្យមើលលូទឹកក្នុងក្រុង ជាពិសេសពេលភ្លៀង ករណីមានការកកស្ទះត្រូវអន្តរាគមន៍ដោះស្រាយភ្លាម ដោយឡែកករណីសំរាមនៅខាងជើងផ្សារវាយយន្ត ត្រូវចាត់ចែងរៀបចំធុងសម្រាប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងជំរុញការដឹកជញ្ជូន និងប្រមូលសំរាមឲ្យបានទាន់ពេលវេលា ចៀសវាងមានសល់គំនរសំរាមច្រើនដែលបង្កឲ្យមានក្លិនមិនល្អប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ។
ទី៣-មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវពិនិត្យមើលពីស្ថានភាពខ្សែផ្លូវដែលមន្ទីរនីមួយៗគ្រប់គ្រង និងត្រូវចាត់ចែងដោះស្រាយ ឈូសឆាយផ្លូវដែលរងការខូចខាតដោយសារទឹកភ្លៀងនាដើមរដូវរវស្សានេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទន្ទឹមនេះ រដ្ឋបាលក្រុង ស្រុក ក៏ត្រូវជួយជំរុញដោះស្រាយករណីជួសជុលផ្លូវតូចៗនៅក្នុងឃុំ សង្កាត់តាមរយៈការអនុវត្តមូលនិធិឃុំ សង្កាត់ឲ្យមានប្រសិទ្ធភាព ។
ទី៤-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងទីចាត់ការហិរញ្ញវត្ថុខេត្ត ត្រូវសហការពិនិត្យលទ្ធភាពក្នុងការជួសជុលស្ពានចាស់ៗមួយចំនួនដែលមានសភាពចាស់ទ្រុឌទ្រោម ដើម្បីសម្រួលដល់ការធ្វើដំណើរជាបណ្ដោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ។
ទី៥-អាជ្ញាធរក្រុង ស្រុក ត្រូវអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់សង្គមផ្សេងៗ ដូចជាខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង រន្ទះ អគ្គីភ័យ និងចុះអន្តរាគមន៍ជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ។
ទី៦-ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត ត្រូវបន្តទប់ស្កាត់ និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ និងខុសលក្ខណៈបច្ចេកទេស ៕វ៉ៃកូ