ខេត្តស្វាយរៀង ៖ រថយន្តប្រភេទធំដឹកទំនិញមួយគ្រឿង មានផ្ទុកទំនិញពេញរថយន្ត បានរេចង្កូតទៅបុកនិងបង្កាន់ដៃស្ពាន មិនអស់ល្បឿនជ្រុលទៅបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋក្រឡាប់ផ្ងារជើង តែសំណាងល្អមិនបង្កគ្រោះថ្នាក់នរណាម្នាក់នោះទេ គ្រាន់តែតៃឡានរងរបួសស្រាល ដោយសារតៃកុងងុយដេក។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្បាលស្ពានប្រសូត្រខាងលិចស្ថិតនៅក្នុងភូមិ ទួលអង្គប់ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។ បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖មានរថយន្តធំ ម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ភព ៣D ៨១៣៤ បើកបរដោយឈ្មោះ សុខ សុភី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ ត្រពាំងឈូក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ រងរបួសស្រាល ធ្វើដំំណើរពីទិសខាងកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតបុកបង្កាន់ស្ពានត្រឡប់តែម្តងទៅ។
ក្រោយពីជួបគ្រោះថ្នាក់រួចមកសមត្ថកិច្ចចុះជួយសម្រួលចរាចរណ៍ដោយម្តុំនេះ គឺងងឹតហើយសំបូរទៅដោយរថយន្តធំតូចធ្វើដំណើរ។ ចំពោះរថយន្តត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងយកមករក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។
សូមបញ្ជាក់ផងដែរថា ៖ កន្លែងដែលរថយន្តជួបគ្រោះថ្នាក់នេះកន្លងមកប៉ុន្មានខែមុនក៏មានរថយន្តកុងតឺន័របុកនិងក្រឡាប់ផងដែរមូលហេតុគឺ អ្នកបើកបរងងុយដេក៕ វ៉ៃកូ