ក្រចេះ ៖ ចម្ការឈើដាំ ឬការដាំដើមឈើមួយកន្លែង សម្រេចបានឈើដុះច្រូងច្រាងលើផ្ទៃដីជាង១ម៉ឺនហិកតា បាននិងកំពុងក្លាយជាឧទ្យាន, កសិ-ឧស្សាហកម្ម , ប្រើប្រាស់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ បរិស្ថាន និងសង្គមជាតិ និងបានទាក់ទាញឲ្យក្រុមមន្ត្រី និងប្រជាពលរដ្ឋចង់ឃើញ និងស្វែងយល់។
ជាក់ស្ដែង មន្រ្តីអាជ្ញាធរដែនដី និងប្រជាពលរដ្ឋជិត ១០០នាក់ មកពី ៤ខេត្ត គឺខេត្តព្រះវិហារ ស្ទឹងត្រែង កំពង់ធំ និងខេត្តក្រចេះ បានអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ពីចម្ការឈើដំា របស់ ក្រុមហ៊ុន ស៊ីងបាយអូថេក នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។
តំណាងក្រុមហ៊ុន ស៊ីងបាយអូថេក បានលើកឡើងថា ចម្ការឈើដាំនេះ បានផ្តល់អត្ថប្រយោជន៍ទៅដល់ការជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋប្រចាំថ្ងៃ កាត់បន្ថយនូវការប្រើប្រាស់ឈើធម្មជាតិ និងជួយឱ្យមានការកែលម្អបរិស្ថានឡើងវិញ។ ចម្ការឈើដាំ របស់ ក្រុមហ៊ុន ស៊ីងបាយអូថេកនេះ បាននិងកំពុងរីកលូតលាស់ល្អក្រោយពីការដាំតាំងពីឆ្នាំ២០១៩មក និងគេរំពឹងថានឹងអាចប្រមូលផលបានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
លោក សាន សុខហៀង តំណាងក្រុមហ៊ុន ស៊ីងបាយអូថេក បានថ្លែងថា ក្រោយពីមានការផ្ទេរការទទួលខុសត្រូវពីក្រុមហ៊ុនកូរ៉េ មក ក្រុមហ៊ុន ស៊ីងបាយអូថេក (ខេមបូឌា) បានដាំចម្ការឈើប្រភេទឈើប្រេងខ្យល់ បានចំនួនជាង ១២០០០ ហិកតា ស្មើ
នឹងប្រមាណ ១៣លានដើមឈើ។ ពេលនេះ ក្រុមហ៊ុនកំពុងធ្វើការថែទាំ ដាក់ជី សម្អាតស្មៅ និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជំរុញឱ្យកូនឈើដែលបានដាំនេះមានការលូតលាស់ល្អ។
លោក សាន សុខហៀង បញ្ចាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនមានរោងចក្រ សម្រាប់កែច្នៃឈើនេះស្រាប់ ហើយប្រភេទឈើ ដាំនេះ គឺមានតម្លៃទាំងអស់ ចាប់តាំងពីឫសរហូតដល់ស្លឹក។ ដើមឈើដាំងទាំងនេះ គឺដើមគេអាចយកទៅធ្វើកុងប្លាកេ ឬយកទៅធ្វើជាក្តារបម្រើដល់គ្រឿងសង្ហារិមផ្សេងៗទៀត ហើយមែកវាគេអាចយកទៅធ្វើជាម្សៅឈើ ហើយស្លឹកវាអាចយកទៅធ្វើជាជីសរីរាង្គ ។ល។
លោក សាន សុខហៀង បានថ្លែងថា រាល់ថ្ងៃនេះដោយសារតែការដាំដើមឈើយើងនៅមានកម្រិតនៅឡើយ ហេតុដូច្នេះហើយការកែច្នៃទៅជាចង្កោមឧស្សាហកម្មមួយមិនទាន់អាចទៅរួចនៅឡើយទេ, ផលវិបាក ដោយសារតែវាផ្គត់ផ្គង់មិនទាន់គ្រប់គ្រាន់។ លោកបន្តថា ហេតុដូច្នេះហើយបានជា
ក្រុមហ៊ុននឹងខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយដល់សហគមន៍នានាអំពីសក្តានុពលនៃទីផ្សារចម្ការឈើដាំ និងផលចំណេញដែលបានមកពីការដាំឈើនេះ ក្នុងបំណងដើម្បីជំរុញឱ្យមានការដាំចម្ការឈើដាំនៅតាមសហគមន៍ និងនៅលើផ្ទៃដីទំនេរនានា ដើម្បីបម្រើដល់ទីផ្សារ កសិ-ឧស្សាហកម្ម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
















