ប្រធានាធិបតីកូរ៉េខាងត្បូងបានអំពាវនាវសុំឲ្យប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចរចាគ្នាដោយផ្ទាល់សំដៅដោះស្រាយការខ្វែងគំនិតគ្នាបច្ចុប្បន្ន ក្រោយពេលមេដឹកនាំសេតវិមាន ប្រកាសលុបចោលជំនួបកំពូលដែលត្រូវបានរៀបចំផែនការ និងប្រព្រឹត្តទៅថ្ងៃទី ១២ ខែមិថុនា នៅសិង្ហបុរី ។
ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jea-in
ក្នុងអង្គប្រជុំបន្ទាន់ជាមួយមន្ត្រីការទូត និង សន្តិសុខកំពូលៗ របស់កូរ៉េខាងត្បូង នៅយប់ថ្ងៃទី ២៤ ខែឧសភា គឺតែប៉ុន្មានម៉ោងដែលប្រធានាធិបតីអាមេរិកចេញសេចក្តីថ្លែងការណ៍លុបចោលជំនួបកំពូល ហើយប្រធានាធិបតី Moon Jea-in បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តរបស់មេដឹកនាំអាមេរិក ។
លោក Moon Jea-in អះអាងថា “ការរំសាយនុយក្លេអ៊ែរ និងកសាងសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េសុទ្ធសឹងជាភារកិច្ចប្រវត្តិសាស្ត្រ មិនអាចរំលងចោលឬផ្អាកបាន ។ កូរ៉េខាងត្បូងក៏កំពុងស្វែងយល់គោលគំនិតរបស់លោកត្រាំ ពេលដែលលុបចោលជំនួបនេះ ។
យ៉ាងនេះក្តីមេដឹកនាំកូរ៉េខាងត្បូងក៏សង្ឃឹមថា អាមេរិក-កូរ៉េខាងជើង រួមគ្នាអង្គុយក្នុងតុចរចាដោយផ្ទាល់អំពីបញ្ហាខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ ៕ សូយន