Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពល​រដ្ឋ​​ចេញ​ឬ​ចូល​​​តាម​​​ព្រំដែន​​​ខេត្ត​​កោះកុង​ សំណូ​ម​ពរ​​ ​ឯកឧត្តម​ សុខ​ ផល​ ​អង្កេត​​សកម្ម​ភាព​​ការងារ ​របស់​​នគរ​បាល​​អន្តោ​ប្រវេសន៍​​ច្រក​​ទ្វារ​​ចាំយាម​

ខេត្ត​កោះកុង៖ ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​ច្រក​ទ្វារអន្តរជាតិ​ចាំយាម ខេត្តកោះកុង បាន​អះអាង​ថា ​ធ្លាប់​ត្រូវ​បាន​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ការ​​ច្រក​ទ្វារ​នេះតម្រូវឲ្យ​បង់​លុយ​ជូន​ពួកគេក្នុងម្នាក់ៗ ១ម៉ឺន​រៀល បន្ទាប់​ពី​មន្ត្រីទាំង​នោះ​បាន​ពិនិត្យ​បោះត្រា​លើ​លិខិត​ខិត​ឆ្លងដែន​ចេញ​ចូល​ទៅ​កាន់​ប្រទេស​ថៃរួច។

ពួកគេ បាន​សំណូមពរ​ដល់ ​ឯកឧត្តម​នាយឧត្តម​សេនីយ៍​ សុខ ផល​ អគ្គ​នាយក​នៃអគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ ​ជាពិសេស​ សម្តេ​ចក្រ​ឡា​ហោម ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឲ្យ​ជួយ​មាន​វិធាន​ការ​ទប់​ស្កាត់​សកម្ម​ភាព​ទារលុយ​មិនចេញ​ក័យប័ត្រ របស់​មន្ត្រី​នគរ​​បាល​អន្តោ​ប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​ចាំយាម​ ខេត្ត​កោះកុង ​ដោយក្តី​អនុគ្រោះ​ និង​ឲ្យ​មាន​ប្រសិទ្ធភាព​។

ប្រជា​ពលរដ្ឋខ្មែរ​ភាគ​ច្រើន ​ដែល​ចេញ​ទៅ​រក​ការងារ​ធ្វើនៅ​ប្រទេសថៃ​ ​បានអះអាង​ឲ្យអ្នកយកព័ត៌​មានគេហទំព័រ www.cen.com.kh ប្រចាំ​ខេត្ត​កោះ​កុង​ដឹងថា ​ពួកគាត់​ធ្លាប់ត្រូវ​​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍ នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ចាំ​យាម​ខេត្ត​កោះ​កុង ​កំណត់ឲ្យ​បង់​លុយ​ក្នុង​ម្នាក់​ៗ​​ ១ម៉ឺន​រៀល ​ក្រោយ​​ពេល​មន្ត្រី​នគរ​បាល​ច្រកទ្វារ​នេះ បាន​ពិនិត្យ​បោះត្រា ​នៅលើ​លិខិត​ឆ្លង​ដែន ​ឬប៉ាស្ព័រ ​របស់​ពួកគេ​ ដើម្បី​អាចចេញ ឬ​ចូល​ទៅ​កាន់​ប្រទេស​ថៃ​ស្រប​ច្បាប់។

លើពី​នេះ​ទៀត ក៏មាន​ពលរដ្ឋ​ជាអ្នក​ធ្វើដំណើរ​មួយចំនួន​ នៅ​ពេល​ពួកគេ​ធ្វើ​ដំណើរ​វិលពី​ប្រទេស​ថៃវិញ ​ហើយ​ភ្លេច​យក​លិខិត​ឆ្លង​ដែន ដើម្បីបោះត្រា​បញ្ជាក់ថា​ បានវិលពី​ប្រទេស​ថៃវិញ ​ប៉ុន្តែ​នៅ​ពេល​ពួកគេ ​បាន​យក​លិខិត​ឆ្លង​ដែន​ ​ទៅ​ឲ្យ​មន្ត្រីនគរ​បាល​អន្តោ​ប្រវេសន៍​បោះត្រា​បញ្ជាក់​ឲ្យបាន​ត្រឹមត្រូវ​ឡើងវិញ ​គឺត្រូវមន្ត្រី​នគរ​បាល​អន្តោ​ប្រវេសន៍​ប្រចាំ​ការនៅ​ច្រក​ទ្វាអន្តរ​ជាតិ​ចាំយាម ​តម្រូវឲ្យបង់លុយ​ចំនួន ៤ម៉ឺន​រៀល​ក្នុង​លិខិត​ឆ្លង​ដែន​មួយ​។

ឆ្លើយតប​បញ្ហានេះ លោក ងុយ ជាង នាយ​ប៉ុស្តិ៍​នគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ចាំយាម​ ​ ផ្តល​សម្ភាសន៍​ដល់​អ្នក​យកព័ត៌​មាន​គេទំព័រ www.cen.com.kh ប្រចាំ​ខេត្ត​កោះកុង តាមទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ​ឆ្នាំ​២០១៨​ ​ដោយ​បដិសេធន៍​ថា មិន​បាន​ណែនាំ​ឲ្យ​មន្ត្រី​នគរ​បាល​អន្តោ​ប្រវេសន៍ ​របស់​លោក យក​លុយ​ពី​ពលរដ្ឋ ឬ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​ដែន ថ្លៃពិនិត្យ​ឬ​បោះ​ត្រា​លើ​លិខិត​ឆ្លង​ដែន​ទាំងចេញ ឬចូល​នោះ​ទេ​កន្លង​មក។ ​ប៉ុន្តែលោក ងុយ ​ជាង ​ទទួលស្គាល់​ថា ​កន្លង​មក​ធ្លាប់​មាន​អ្នក​ដំណើរ​ជូន​ថវិកា​បន្តិចបន្តួចជូន​មន្ត្រីនគរបាល​ប្រចាំការ​នៅ​ច្រក​ព្រំដែន​រង់ចាំ​ពិនិត្យ និង​បោះត្រា នៅ​លើលិខិត​ឆ្លង​ដែន​​​តិចតួចពិតមែន ​ប៉ុន្តែ​វាជា​ការស្ម័គ្រចិត្ត របស់​​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​ គឺមិន​មាន​ការ​បង្ខិតបង្ខំ​នោះទេ។

ដោយ​ឡែក ចំពោះ​ការ​ចោ​ទ​ប្រកាន់​ដែល​ថា ​មាន​ប្រជា​ពលរដ្ឋ​មួយចំនួន ដែល​បាន​ធ្វើ​ដំណើរ​វិល​ប្រឡប់​មក​ពី​ប្រទេស​ថៃ ​ចូល​មក​កម្ពុជាវិញ ​ប៉ុន្តែពួក​គេ​​បាន​ភ្លេច​បោះត្រា​ចេញ ឬបោះត្រាបិទ ​នៅ​លើ​លិខិត​ឆ្លងដែន ​របស់​ខ្លួន​ ហើយ​ក្រោយ​មក បាន​យក​លិខិតឆ្លងដែន មកឲ្យ​មន្ត្រីនគរ​បាល​អន្តោ​ប្រវេសន៍​​ច្រក​ទ្វារ​ចាំយាម ​បោះត្រា​បិទ​ឲ្យ​​បានត្រឹម​ត្រូវវិញ​​នោះ គឺមិនតម្រូវឲ្យ​ពលរដ្ឋ​បង់លុយ​ទេ។​

ករណីនេះ ​លោក ងុយ ​ជាង ​សង្កត់​ធ្ងន់ថា ​ប្រសិន​បើកន្លងមក ​មានមន្ត្រី​នគរបាល​អន្តោប្រវេស៍​ប្រចាំការ​នៅ ច្រក​ទ្វារ​អន្តរជាតិ​ចាំយាម បាន​តម្រូវ​ឲ្យ​ពល​រដ្ឋបង់​លុយ​ ដូចការ​អះអាង​ របស់​ពលរដ្ឋ​មួយ​ចំនួន​មែន​នោះ លោក​ថា នឹងពិនិត្យ​​ណែ​នាំការងារ​នេះ​ជាថ្មី​ឡើង​វិញ​លើ​ករណី​នេះ ​និង​ស្នើសុំ​ការ​យោគ​យល់​ពីប្រជា​ពលរដ្ឋ​ទាំង​នោះ​ ដោយ​អនុ​គ្រោះ។ ហើយ​លោក​សន្យា​ថា នឹង​មិន​មាន​កើត​ឡើងទៀត​ទេ​នាថ្ងៃ​អនាគត​។

ករណី​ស្រដៀង​គ្នា​ការ​អះអាង របស់​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​ព្រំដែន​អន្តរជាតិ​ចាំ​យាម ​ខេត្តកោះ​កុង​នេះដែរ ងាកទៅ​ ច្រក​ព្រំដែន​អន្តរ​ជាតិ​អូរ​ស្មាច់ ​ខេត្តឧត្ត​មាន​ជ័យ​ឯណោះវិញ។ ​កាលពី​សប្តាហ៍​មុន​នេះ ក៏​ត្រូវ​រជា​ពលរដ្ឋ​មួយ​ចំនួន បាន​ចោទ​មន្ត្រីនគរ​បាល​ប៉ុស្តិ៍​អន្តោ​ប្រវេសន៍​ ​ប្រចាំ​ការ​នៅ​ច្រក​ទ្វារ​អូរ​ស្មាច់​នេះ ថា​បាន​ទារលុយ​ពី​ពួក​គាត់​​ក្នុងម្នាក់ ​១ម៉ឺន​រៀល​​ ​ក្រោយ​ពេលពិនិត្យ ​និង​បោះ​ត្រាលើ​លិខិត​ឆ្លងដែន​​​​រួច​។

ប៉ុន្តែករណី​​ខាង​លើនេះ ​ក្រោយ​មក​ត្រូវបាន ​ឯកឧត្តម​នាយឧត្តមសេនីយ៍​ សុខ ផល​ អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋានអន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ ​ទទួល​​​បាន​ព័ត៌​មាន​នេះ ​ក៏បាន​កោះ​អញ្ជើញ​មន្ត្រី​អន្តោ​ប្រវេសន៍​ច្រក​ព្រំដែន​អូរ​ស្មាច់ មក​ណែនាំ ​ឲ្យអនុវត្ត​ការ​ងារ​ឲ្យ​​ស្រប​តាម​គោល​នយោ​បាយ​ របស់​រាជ​​រដ្ឋា​ភិបាល ក៏ដូច​ជាថ្នាក់​ដឹក​នាំ​ក្រសួង​មហាផ្ទៃបាន​ដាក់ឲ្យ​អនុវត្ត​ ឲ្យបានត្រឹមត្រូវឡើងវិញ​​។

ត្រង់​ចំណុច​នេះ​កន្លងមក ​ឯកឧត្តម ​សុខ ផល ​មាន​ប្រសាសន៍​រឿយៗ​ថា ការ​ពិនិត្យ​លិខិត​ឆ្លង​ដែន ឬប៉ាស្ព័រ ជូន​ប្រជា​ពលរដ្ឋ​ចេញ ​ឬ​ចូលឆ្លង​កាត់​ព្រំដែន ​ទៅ​កាន់​ប្រទេស​ថៃ គឺ​មិន​តម្រូវឲ្យមន្ត្រី​នគរ​បាល​អន្តោប្រវេសន៍​ ​យក​លុយ​ពី​ពលរដ្ឋ​នោះទេ។

ការតម្រូវឲ្យ​ពល​រដ្ឋឆ្លង​ដែន​បង់លុយម្នាក់ ១ម៉ឺនរៀល ក្រោយ​ពិនិត្យ​លិខិត​ឆ្លង​ដែន​ខាងលើនេះ ​ត្រូវប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​ព្រំដែន​​កម្ពុជាថៃ នៅច្រកទ្វារ​អន្តរ​ជាតិ​ចាំយាម ​ច្រក​ទ្វារ​អន្តរ​ជាតិ​អូរស្មាច់ ​ច្រក​ទ្វារ​អន្តរជាតិប៉ោយ​ប៉ែតជាដើម។ ​ប្រជាពលរដ្ឋ ​​អះអាងថា ​បាន​កើត​មាន​ជាយូរមកហើយៗស្ទើរ​ក្លាយ​ទៅ​ជា​ទម្លាប់​អាក្រក់​ របស់​មន្ត្រីនគរ​បាលអន្តោ​ប្រវេសន៍ ប្រចាំ​ច្រក​ទ្វារព្រំដែន​ទាំងនោះ។

ផ្តើម​ពី​បញ្ហានេះ ​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំ​ដែន​កម្ពុជាថៃ នៅ​តាម​ច្រក​ព្រំដែន​មួយ​ចំនួន​រួមមាន៖ ​ច្រក​ទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែត្រ ខេត្ត​បន្ទាយ​មាន​ជ័យ។ ច្រកទ្វារ​ជាំ​សាងុំា ច្រកទ្វារ​អន្តរជាតិអូរ​ស្មាច់ ខេត្ត​ឧត្ត​មាន​ជ័យ និង​ច្រកទ្វា​អន្តរជាតិ​ចាំយាម​ ខេត្ត​កោះកុង​ជា​ដើម​ បាន​សំណូម​ពរ​ដល់ ឯកឧត្តម​​នាយឧត្តម​សេនីយ៍​ សុខ ផល​ អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​ហាផ្ទៃ ​ជាពិសេស​សម្តេចក្រឡា​ហោម ​ស ខេង​ ឧបនាយក​រដ្ឋ​មន្ត្រី ​និងជារដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ឲ្យ​ជួយ​មានវិធាន​ការទប់​ស្កាត់​សកម្មភាព​ទារលុយ ​មិន​ចេញ​វិក័យប័ត្រ ​ផ្តើម​ដោយ​មន្ត្រីនគរ​បាល​អន្តោ​ប្រវេសន៍​នៅ​តាម​ច្រកទ្វារ​អន្តរជាតិ​នីមួយៗ​ ​ដោយក្តី​អនុគ្រោះ ​និង​ឲ្យ​មាន​ប្រសិទ្ធ​ភាព​៕ ដែន សីមា

×