ភ្នំពេញ៖ ក្នុងរយៈពេល២ថ្ងៃនេះ ពោល គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះក្រុមប្រតិបត្តិការចម្រុះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យ ការស្នាក់នៅរបស់ជនបរទេស ក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ។
ក្នុងនោះរួមមាន៖ ១. ហាងកាត់សក់ស៊ាងរ៉ៃ បារីស នីនី ហាវ៉ៃ ពិភពសម្រស់ លីលីសុកហុក អូរឫស្សី ក្នុងសង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ សមត្ថកិច្ចត្រួតពិនិត្យឃើញមាន ជនជាតិវៀតណាម ចំនួន៤នាក់ ក្នុងនោះមានស្រី៣នាក់។
២.បុរីពិភពថ្មី ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ និងហាងហ្វឺ តាមបណ្តោយផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សមត្ថកិច្ចបានពិនិត្យរកឃើញមាន ជនបរទេសចំនួន ៤នាក់ ក្នុងនោះមានស្រី៣នាក់។
៣.ហាងកាហ្វេ តាមបណ្ដោយផ្លូវ៣៦៩ ភូមិកណ្ដាល និងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សមត្ថកិច្ចបានពិនិត្យរកឃើញមានជនជាតិវៀតណាមចំនួន២១នាក់ ក្នុងនោះមានស្រី៣នាក់។
សរុបទាំងអស់ ជនជាតិវៀតណាម ដែលត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ មានចំនួន២៩នាក់ ក្នុងនោះមានស្រី៩នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅ និងធ្វើការដោយខុសច្បាប់ និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានក្រុមប្រតិបត្តិការ បញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីច្បាប់៕ ដោយ៖បញ្ញាស័ក្តិ