ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានបានទទួលថវិកាពីរាជរដ្ឋាភិបាល ក្នុងការអនុវត្តគម្រោងជំនួយឥតសំណង របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនរាជរដ្ឋាភិបាល គាំទ្រសកម្មភាពកម្ចាត់មីន របស់អង្គភាពស៊ីម៉ាក់ ដែលមានថវិកាសរុបចំនួន២លាន៥សែនដុល្លារអាមេរិក ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ជំនួយនេះស្ថិតក្រោម”គម្រោងជំនួយឥតសំណងចិន ដើម្បីលុបបំបាត់គ្រាប់មីននៅកម្ពុជា”។ អង្គភាពស៊ីម៉ាក់ នឹងដាក់ពង្រាយកម្លាំងប្រតិបតិ្តការ៖ ១.បោសសំអាតមីន មនុស្សធម៌ នៅខេត្តស្ទឹងត្រែង ព្រះវិហារ សៀមរាបនិងខេត្តកំពង់ធំ ជាមួយនេះក៏មានក្រុមជំនាញពិសេសសម្រាប់ចល័ត ឆ្លើយនឹងតម្រូវការបន្ទាន់ៗផងដែរ។ ២. ស្រាវជ្រាវព័ត៌មានគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម នៅតំបន់បឹងទន្លេសាប និងខេត្តនៅជាប់បឹងទន្លេសាប ចំនួន៨៤០ភូមិ។ ៣. ពង្រឹងសមត្ថភាពជំនាញកម្ចាត់មីនជាតិ នៃវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន និងមណ្ឌលសុនខហិតមីនជាតិ។
លោកបានបន្តថា ជំនួយនេះ ជួយជំរុញល្បឿនបោសសំអាតមីននៅកម្ពុជា និងបំពេញកង្វះថវិកា នៃវិស័យមីន ដែលត្រូវគាំទ្រកម្លាំងស៊ីម៉ាក់។ ជំនួយនេះ នឹងជួយឱ្យរក្សាបានកម្លាំងស៊ីម៉ាក់សម្រេចបានគោលដៅនៃផែនការរបស់ខ្លួន៕ ដោយ៖បញ្ញាស័ក្តិ